(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ Pfizer នៅថ្ងៃពុធនេះ បានឲ្យដឹងថា ការវាយតម្លៃចុងក្រោយ ទៅលើលទ្ធផលនៃការតេស្តវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ដែលបានបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានបង្ហាញថា វាមានប្រសិទ្ធភាពរហូតដល់ ៩៥% និងមិនមានផលប៉ះពាល់ណាមួយ ត្រូវបានរាយការណ៍ទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នៅយប់ថ្ងៃពុធ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមហ៊ុនផលិតដ៏ធំរបស់អាមេរិកមួយនេះ បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពការពារទាំងទំរង់ស្រាល និងធ្ងន់ធ្ងរ នៃវីរុសកូរ៉ូណា(COVID-19)។ ប៉ុន្តែវាមានប្រសិទ្ធភាពត្រឹម ៩៤% សម្រាប់មនុស្សវ័យចំណាស់ដែលងាយនឹងឆ្លងវីរុស និងមិនប្រតិកម្មខ្លាំងចំពោះប្រភេទវ៉ាក់សាំងមួយចំនួន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនអភិវឌ្ឍឱសថដ៏ធំរបស់អាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា លទ្ធផលបឋមពីការធ្វើតេស្តសាកល្បង ដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេប្រសិទ្ធភាពជាង ៩០%ឯណោះ។
រំលងបានមិនដល់មួយសប្តាហ៍ ក្រុមមហ៊ុនផលិតឱសថអាមេរិកមួយទៀតគឺ ម៉ូឌែលណា (Moderna) និងវិទ្យាស្ថានសុខភាពជាតិអាមេរិក ក៏បានប្រកាសពីលទ្ធផលបឋមស្រដៀងគ្នានេះដែរ ក្រោយការធ្វើតេស្តវ៉ាក់សាំង បានបង្ហាញប្រសិទ្ធភាពរហូតដល់ជិត ៩៥ភាគរយ។ ក្រុមហ៊ុនធំៗរបស់អាមេរិកទាំងពីរនេះ សុទ្ធតែរំពឹងថា នឹងទទួលការអនុញ្ញាតឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩បន្ទាន់ នៅចុងខែវិច្ឆិកានេះ៕