(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 Sputnik V ដល់បណ្ដាប្រទេស ដែលត្រូវការវ៉ាក់សាំងពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ ប្រាប់មេដឹកនាំនៃក្រុមប្រទេស G20 នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងកិច្ចប្រជុំ G20 តាមប្រព័ន្ធអនឡាញ រៀបចំឡើងនៅឯប្រទេស អារ៉ាប៊ីសាអូឌីត។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះ លោក ពូទីន បានអះអាងទៀតថារុស្ស៊ី កំពុងត្រៀមបញ្ចេញវ៉ាក់សាំងទី២ និងទី៣ ដោយប្រាប់មេដឹកនាំ G20 ថាការបង្កើត ផលប័ត្រវ៉ាក់សាំង គឺជាគោលបំណងរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក ពូទីន ប្រាប់មេដឹកនាំប្រទេស G20 ក្នុងនោះមានដូចជា អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អង់គ្លេស និងជប៉ុន ជាដើម កើតមានឡើងចំពេល បណ្ដាមេដឹកនាំទាំងនេះកំពុងសង្ស័យពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ កាលពីដើមខែវិច្ឆិកានេះ រុស្ស៊ី ក៏បានប្រកាសដែរថាទិន្នន័យបឋមពីការធ្វើ តេស្ដបានបង្ហាញថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពការពារមនុស្សមិនឱ្យឆ្លង COVID-19 បាន៩២ភាគរយ៕