(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំទាំងកណ្ដាលទី ទៅលេងវាយកូនហ្គោល បន្ទាប់ពីបានថ្លែងសុន្ទរកថាខ្លីមួយតាមអនឡាញ ក្នុងកិច្ចប្រជុំ កំពូល G20 នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ រៀបចំឡើងនៅឯប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមប្រភពមួយដែលដឹងពីកិច្ចប្រជុំកំពូល G20 តាមអនឡាញខាងលើ បន្ទាប់ពីបានថ្លែងសុន្ទរកថាដ៏ខ្លីរួច លោក ដូណាល់ ត្រាំ ត្រូវបានជំនួសដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin ខណៈមេដឹកនាំពិភពលោកដទៃត្រៀមថ្លែងសុន្ទរកថារបស់ពួកគេ។ ក្រោយមកទៀត លោក ត្រាំ បានចាកចេញពីសេតវិមាន ដោយធ្វើដំណើរឆ្ពោះទៅកាន់ ទីលានវាយកូនហ្គោលរបស់លោក ក្នុងរដ្ឋ Virginia ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីរដ្ឋធានីវ៉ាស៊ីនតោន។
ប្រភពដដែល បានឱ្យដឹងទៀតថា ថែ្លងនៅក្នុងសុន្ទរកថានោះ លោក ត្រាំ ក៏បានគូសបញ្ជាក់ដែរថាលោកបានធ្វើការយ៉ាងល្អបំផុត ក្នុងអាណត្តិជាប្រធានាធិបតីអាមេរិក ទាំងខាង សេដ្ឋកិច្ច និងការដោះស្រាយវិបត្តិ COVID-19។ « វាពិតជាមានកិតិ្តយសណាស់ ដែលបានធ្វើការជាមួយអ្នកទាំងអស់គ្នា ហើយខ្ញុំរំពឹងថាអាចនឹងធ្វើការងារជាមួយអ្នកទាំងអស់គ្នា នៅពេលអនាគត និងរយៈពេលយូរ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។
តែទោះជាបែបនេះក្ដី នៅក្នុងបទសង្ខេបមួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) អ្នកនាំពាក្យសេតវិមាន លោកស្រី Kayleigh McEnany បានឱ្យដឹងថា លោក ត្រាំ អ្វីដែលលោក ត្រាំ និយាយគឺចង់សំដៅលើភាពចាំបាច់នៃការធ្វើការគ្នារួមគ្នា ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ៕