(ហ្កាតេម៉ាឡា)៖ ក្រុមបាតុករជាច្រើននាក់ បានសម្រុកចូល និងដុតបំផ្លាញផ្នែកខ្លះនៃអគារអគារសភាជាតិ ក្នុងប្រទេសហ្កាតេម៉ាឡា មុននឹងពួកគេត្រូវបានបំបែកដោយប៉ូលិសបង្ក្រាបកុបកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
ផ្នែកខ្លះនៃអគាសភាជាតិហ្កាតេម៉ាឡា ក្នុងទីក្រុងហ្កាតេម៉ាឡា ស៊ីធី Guatemala City រងការវាយប្រហារដុតបំផ្លាញ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ តែ មិនមានមនុស្សណាម្នាក់រងរបួសធ្ងន់នោះទេ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា ដោយមិនឱ្យមានការឆេះរាលដាលទៅអគារផ្សេង ឡើយ។ មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវបានចាប់ខ្លួននោះទេ ខណៈរូបភាពបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបង្ហាញថាក្រុមប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរ ទឹកភ្នែកបំបែកហ្វូងបាតុករ និងមានមនុស្សមួយចំនួនរងរបួសផងដែរ។
គួរបញ្ជាក់ថា ហេតុការណ៍ដុតបំផ្លាញផ្នែកខ្លះនៃអាគាសភាហ្កាតេម៉ាឡាខាងលើ កើតមានឡើងចំពេលកំពុងមានបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក អាឡិចហាន់ដ្រូ ជីយ៉ាមម៉ាតី (Alejandro Giammattei) និងសភាជាតិ ជុំវិញការអនុម័តកញ្ចប់ថវិកាមួយដោយកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19៕