(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បាននិយាយនៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកាថា ប្រទេសលោកមានការសោកស្តាយយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិកបានចាកចេញពីសន្ធិសញ្ញាបើកចំហជើងមេឃ ឬ Opens Skies Treaty ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដធំមួយ ហើយបានបញ្ជាក់ថា អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញានេះ ដែលជាផ្នែកសំខាន់មួយនៃវិធានការគ្រប់គ្រងសព្វាវុធក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Maas បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តចាកចេញពីសន្ធិសញ្ញា Open Skies ហើយឥឡូវចេញផុតជាផ្លូវការ។ ចំណែក ខណៈជំហររបស់យើងលើសន្ធិសញ្ញានេះវិញ គឺមិនដែលបានផ្លាស់ប្តូរឡើយ។ យើងនៅតែមើលឃើញថា វាជាផ្នែកសំខាន់មួយនៃវិធានការគ្រប់គ្រងសព្វាវុធនៅក្នុងតំបន់»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញា Open Skies កាលពីខែឧសភាកន្លងទៅ ដោយនីតិវិធីនៃការចាក ចេញ ត្រូវប្រើប្រាស់៦ខែ។ សន្ធិសញ្ញានេះដែលបានចូលជាធរមានកាលពីឆ្នាំ២០០២ អនុញ្ញាតឱ្យរដ្ឋភាគីទាំង៣៤ ធ្វើប្រតិបត្តិការហោះហើរ អង្កេតការណ៍ នៅលើទឹកដីរបស់ភាគីនីមួយៗ ដើម្បីប្រមូលទិន្នន័យស្តីពីកម្លាំងនិងសកម្មភាពយោធា៕