(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ដែលសហការជាមួយសាកលវិទ្យាល័យអក់ស្វឺដ (Oxford) បានអះអាងជាលើកដំបូងថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) របស់ខ្លួនអាចមានប្រសិទ្ធភាពខ្ទង់ ៩០% ដោយគ្មានការជះឥទ្ធិពលអាក្រក់អ្វីឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលមិនទាន់ចេញជាផ្លូវការទាំងស្រុងខាងលើនេះ ត្រូវបានបង្ហើបដោយក្រុមជំនាញ បន្ទាប់ពីការធ្វើតេស្តលើអ្នកស្ម័គ្រចិត្តនៅ ចក្រភពអង់គ្លេស និងប្រទេសប្រេស៊ីល។ វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នេះត្រូវបានចាក់សាកល្បង ទៅតាមកម្រិត និងដំណាក់កាលសាកល្បង ដែលត្រូវបានកំណត់ចំនួនពីរក្រុមសំខាន់ៗ។
សម្រាប់ក្រុមអ្នកស្ម័គ្រចិត្តទី ១ គឺត្រូវទទួលបានការចាក់ក្នុងម្នាក់ៗតែកន្លះដូស (dose) សិនប៉ុណ្ណោះ រួចទើបមួយខែក្រោយទៀត អ្នកស្ម័គ្រចិត្តម្នាក់ៗ អាចចាក់បន្ថែមមួយដូសទៀតបាន។ ជាលទ្ធផលក្រុមអ្នកស្ម័គ្រចិត្តទាំងនេះ បានបង្កើតអង់ទីករ ដែលអាចប្រឆាំងវីរុសកូរ៉ូណារហូតដល់ទៅ ៩០%។
សម្រាប់ក្រុមអ្នកស្ម័គ្រចិត្តទី ២ វិញគឺត្រូវបានទទួលការចាក់វ៉ាក់សាំងដំបូងមួយដូស និងមួយខែបន្ទាប់ទៀតទើបចាក់បន្ថែមមួយដូសទៀត។ ជាលទ្ធផលគឺក្រុមអ្នកស្ម័គ្រចិត្តទាំងនេះ អាចបង្កើតអង់ទីករប្រឆាំង COVID-19 បានតែ ៧០% ប៉ុណ្ណោះ។
ជុំវិញក្តីសង្ឃឹមទៅរកភាពជោគជ័យទាំងស្រុងខាងលើនេះ លោក ប៉ាស្កាល់ សូរីយ៉ូត (Pascal Soriot) នាយកប្រតិបត្តិរបស់ AstraZeneca បានបង្ហើបឲ្យដឹងថា «ប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងនេះ នឹងជះឥទ្ធិពលយ៉ាងធំធេងដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19 ហើយវានឹងធ្វើឲ្យរំជើបរំជួលដល់ វិស័យសង្គ្រោះបន្ទាន់ ផ្នែកសុខភាពសាធារណៈផងដែរ»។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ AstraZeneca និង Oxford នេះនឹងក្លាយជាវ៉ាក់សាំងទី ៣ ហើយដែលអាចបង្ហាញប្រសិទ្ធភាពខ្ទង់ ៩០% នៅក្នុងការពារមនុស្សលោកពីជំងឺ COVID-19 ខណៈក្រុមហ៊ុនអាមេរិក Pfizer ដែលសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNtech បានប្រកាសប្រសិទ្ធភាពបែបនេះមុនគេ និងបន្ទាប់មកទៀតទើប ក្រុមហ៊ុនអាមេរិក Moderna បានក្លាយជាក្រុមហ៊ុនទី២៕