(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារនេះបានរិះគន់សម្តេច ប៉ុប ហ្វ្រង់ស៊ីស (Pope Francis) ជុំវិញអត្ថបទមួយនៅក្នុងសៀវភៅថ្មីរបស់សម្ដេច ដែលក្នុងនោះសម្ដេចបានមានព្រះប្រទូលរៀបរាប់ អំពីទុក្ខលំបាករបស់ក្រុមជនជាតិភាគតិចអ៊ុយហ្គួ័រ (Uighur) នៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បាននិយាយថា ការលើកឡើងរបស់សម្ដេច Pope មិនមានមូលដ្ឋានពិតទាល់តែសោះ។
លោក Zhao បានសង្កត់ធ្ងន់ទៀតថា «ប្រជាជននៃក្រុមជនជាតិភាគតិចទាំងអស់នៅប្រទេសចិន សុទ្ធតែទទួលបានសិទ្ធិពេញលេញ នៃការរស់រានមានជីវិត ការអភិវឌ្ឍន៍ និងសិទ្ធិសេរីភាពនៃជំនឿសាសនា ដូចប្រជាជនធម្មតាដែរ»។
គួរបញ្ជាក់ថា បើតាមរបាយការណ៍អង្គការសហប្រជាជាតិ រដ្ឋាភិបាលចិន បានឃុំឃាំងជនជាតិដើមភាគតិច Uighur ប្រមាណ ១លាននាក់ នៅតាមមន្ទីរឃុំឃាំងជាច្រើនក្នុងតំបន់ស្វយ័ត Xinjiang និងចោទប្រកាន់អាជ្ញាធរចិនពីការរំលោភសិទ្ធិមនុស្ស។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចេញមុខបដិសេធរបាយការណ៍នេះ ដោយបញ្ជាក់ថា អ្វីៗដែលចិនកំពុងធ្វើ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងក្រុមជ្រុលនិយមតែប៉ុណ្ណោះ៕