(តៃយាន)៖ អាជ្ញាធរក្នុងតំបន់ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ខេត្តសានស៊ី (Shanxi) ដែលជាខេត្តសំបូរធ្យូងថ្មរបស់ប្រទេសចិន បាននិងកំពុងលើកទឹកចិត្តដល់ក្រុមហ៊ុនរុករករ៉ែ ឲ្យប្រើប្រាស់មនុស្សយន្ត(Robot)ជំនួស ក្នុងការងារដែលប្រឈមគ្រោះថ្នាក់ខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនសុីនហួរ នៅយប់ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បន្ទាប់ពីការជីកយករ៉ែដ៏ច្រើនសន្ធឹកសន្ធាប់អស់រយៈពេលជាច្រើនទសវត្សរ៍ ខេត្តដែលផលិតធ្យូងថ្មដ៏សំខាន់មួយនេះ បានមើលឃើញពីការកើនឡើងនៃជម្រៅអណ្តូងរ៉ែ ដែលធ្វើឲ្យការរុករករ៉ែកាន់តែមានភាពស្មុគស្មាញជាងមុន។ ប្រការនេះ ធ្វើឲ្យអាជ្ញាធរលើកទឹកចិត្ត ឲ្យមានការប្រើប្រាស់ជាបន្ទាន់នូវឧបករណ៍វៃឆ្លាតបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
ខេត្តសានស៊ីបានដាក់ចេញនូវសេចក្តីណែនាំស្តីពីការធ្វើទំនើបកម្មលើវិស័យរ៉ែធ្យូងថ្ម និងការសាកល្បងប្រើប្រាស់រ៉ូបូត(Robot)និងឧបករណ៍ស្វ័យប្រវត្តិផ្សេងៗទៀត នៅក្នុងវ័យមួយនេះ។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីមន្ទីរឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានខេត្តសានស៊ីបានឲ្យដឹងថា នៅក្នុងគម្រោងសាកល្បងមួយចំនួន Robot បានជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ ដែលទាក់ទងទៅនឹងផលិតកម្មបានរហូត ១០ភាគរយ និង ៦០ភាគរយ លើកម្មករដែលបំពេញភារកិច្ចគ្រោះថ្នាក់។
លោក Zhang Xiaolei មន្ត្រីនាយកដ្ឋានបានគូសបញ្ជាក់ថា ខេត្តសានស៊ីនឹងបន្តលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ ជាពិសេសការប្រើប្រាស់ Robot នៅក្នុងវិស័យរុករករ៉ែ ព្រមទាំងការដឹកជញ្ជូន ក៏ដូចជាការត្រួតពិនិត្យសុវត្ថិភាព និងការជួយសង្គ្រោះនៅក្នុងអណ្តូងរ៉ែជាដើម៕