(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អ៊ូចា នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ឲ្យដឹងថា ប្រទេសថៃគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ដ៏មានសក្តានុពល ជាមួយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford នៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយបថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងនៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អ៊ូចា បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃស្អែក យើងនឹងចុះកិច្ចព្រមព្រៀងបន្ថែមទៀត ដើម្បីទិញវ៉ាក់សាំង»។ ជាមួយគ្នានេះ លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា លោករំពឹងថា វ៉ាក់សាំងទាំងនោះនឹងត្រូវបានផ្ទៀងផ្ទាត់ និងរួចរាល់សម្រាប់ប្រើប្រាស់ នៅពាក់កណ្តាលឆ្នាំក្រោយ។
គួរបញ្ជាក់ថា សេចក្តីប្រកាសនេះ ធ្វើឡើងនៅពេលដែលប្រទេសដទៃទៀតនៅក្នុងតំបន់ តួយ៉ាងដូចជាហ្វីលីពីន ត្រៀមចុះកិច្ចព្រមព្រៀងស្រដៀងគ្នា ជាមួយក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនផ្សេងទៀតដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ផងដែរ៕