(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសៅរ៍នេះ បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនដល់ក្រុមបំពេញបេសកកម្ម ហ្វិនទូចេ (Fendouzhe) ដែលបានបញ្ជានាវាមុជទឹកមួយគ្រឿងនេះ ចុះទៅដល់បាតសមុទ្រជម្រៅ ១០,៩០៩ម៉ែត្រ នៅក្នុងអន្លង់ម៉ារីយ៉ាន (Mariana Trench) ដែលជាអន្លង់បាតសមុទ្រ ជ្រៅជាងគេបំផុតនៃភពផែនដី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ការផ្ញើលិខិតរបស់ប្រធានាធិបតីចិន បានកើតមានឡើងចំពេលដែលក្រុម គ្រប់គ្រងនាវាមុជទឹក Fendouzhe ឬអ្នកប្រយុទ្ធតស៊ូ (Striver) បានធ្វើដំណើរមកដល់ខេត្តហៃណា (Hainan) តាមរយៈនាវាស្រាវជ្រាវចិន តានស៊ូ ១ (Tansuo-1) ក្រោយពីពួកគេបានបញ្ចប់បេសកកម្ម ស្រាវជ្រាវមហាសមុទ្រ ប្រកបដោយជោគជ័យថ្មីមួយកម្រិតទៀត។
គួរបញ្ជាក់ថា នាវាមុជទឹក Fendouzhe ដែលមានមនុស្សជិះនៅក្នុងនោះផងដែរ បានទៅដល់ចំណុចជម្រៅ ១០,៩០៩ម៉ែត្រនៃអន្លង់ Mariana Trench របស់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ Fendouzhe បានបំពេញបេសកកម្មក្នុងបាតសមុទ្រសរុបចំនួន ១៣លើករួចទៅហើយ ដោយក្នុងនោះ ០៨លើករបស់វា សុទ្ធតែបានចុះទៅដល់បាតសមុទ្រជម្រៅលើសពី ១០គីឡូម៉ែត្រ៕