(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកកំពុងធ្វើវិសោធនកម្មដោយស្ងាត់ៗលើវិធីប្រហារជីវិតអ្នកទោស ដោយមិនតម្រូវឲ្យការកាត់ទោសប្រហារជីវិតថ្នាក់សហព័ន្ធ អាចធ្វើឡើងតែតាមរយៈការចាក់ថ្នាំពុលសម្លាប់ទៀតឡើយ គឺនឹងបើកផ្លូវឲ្យមានការប្រើវិធីផ្សេងទៀតដូចជាការបាញ់ជាក្រុម និងឧស្ម័នពុល។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ច្បាប់ដែលបានធ្វើវិសោធនកម្ម ត្រូវបានចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អនុញ្ញាតឲ្យរដ្ឋាភិបាលអនុវត្តការកាត់ទោសប្រហារជីវិតតាមរយៈការចាក់ថ្នាំពុល ឬមួយក៏ប្រើវិធីផ្សេងៗទៀត ដែលបានកំណត់ដោយច្បាប់របស់រដ្ឋនីមួយៗ។ រដ្ឋអាមេរិកមួយចំនួនអនុញ្ញាតឲ្យមានការប្រើវិធីប្រហារជីរិតច្រើនបែប រួមមានការឆក់ឲ្យស្លាប់ ការឧស្ម័ននីត្រូសែនឲ្យអ្នកទោសស្រូប ឬការបាញ់សម្លាប់ដោយក្រុមអ្នកបាញ់កាំភ្លើងជាដើម។
យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើក្រសួងយុត្តិធម៌នឹងព្យាយាមប្រើវិធីផ្សេងៗទៀត ក្រៅពីការចាក់ថ្នាំពុល ដើម្បីកាត់ទោសប្រហារជីវិតនាពេលអនាគត។ ច្បាប់ថ្មីខាងលើនឹងចូលជាធរមាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ខណៈក្រសួងយុត្តិធម៌ទើបតែបានកំណត់កាលបរិច្ឆេទការកាត់ទោសប្រហារជីវិតអ្នកទោស០៥នាក់ថ្មី មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែងផ្លូវការ។
នៅជុំវិញបញ្ហានេះ មន្ត្រីក្រសួងយុត្តិធម៌ម្នាក់បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការពិត នៃច្បាប់ប្រហារជីវិតថ្នាក់សហព័ន្ធរបស់អាមេរិក ដែលតម្រូវឲ្យការកាត់ទោសប្រហារជីវិតប្រព្រឹត្តទៅ តាមវិធីសាស្រ្តដែលកំណត់នៅក្នុង ច្បាប់របស់រដ្ឋនីមួយ ហើយរដ្ឋមួយចំនួនអនុញ្ញាតឲ្យប្រើវិធីប្រហារជិវិតផ្សេងៗទៀតក្រៅពីការចាក់ថ្នាំពុលសម្លាប់។ មន្ត្រីរូបនោះ ក៏បានថ្លែងប្រាប់សារព័ត៌មាន AP ដែរថា រដ្ឋាភិបាលសហព័ន្ធនឹងមិនប្រហារជីវិតអ្នកទោស តាមរយៈការបាញ់សម្លាប់ដោយប្រើក្រុមអ្នកបាញ់កាំភ្លើង ឬការឆក់អគ្គិសនីនោះទេ លុះត្រាតែរដ្ឋពាក់ព័ន្ធអនុញ្ញាតិឲ្យប្រើវិធីប្រហារជីវិតបែបនោះផ្ទាល់៕