(អាមេនី)៖ ការិយាល័យសារព័ត៌របស់ប្រធានាធិបតីអាមេនី បានឲ្យដឹងថា ប្រធានាធិបតីអាមេនី លោក អាមេន សាឃិសសៀន (Armen Sarkissian) នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរចាកចេញពីប្រទេសឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៉ី ដើម្បីបំពេញដំណើរទស្សនកិច្ចលក្ខណៈឯកជនមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ការិយាល័យខាងលើ បានគូសបញ្ជាក់ថា «លោក Sarkissian បានធ្វើដំណើរចាកចេញពីប្រទេសអាមេនីនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកានេះ ដើម្បីបំពេញដំណើរទស្សនកិច្ចឯកជនមួយរបស់លោកទៅកាន់ទីក្រុងម៉ូស្គូរបស់ប្រទេសរុស្សី ដោយនឹងមានការចូលរួមកិច្ចពិភាក្សាជាមួយក្រុមអ្នកតំណាងប្រជាជនអាមេនីដែលរស់នៅក្រៅប្រទេស គឺលោក Sarkissian នឹងជួបជាមួយសមាជិកសហគមន៍អាមេនី និងបណ្តាញសហគមន៍ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី»។
ប្រភពដដែលបានបន្ថែមថា លោកប្រធានាធិបតីអាមេនី នឹងពិភាក្សាអំពីការវិវត្តចុងក្រោយនៅក្នុងប្រទេសអាមេនី ក៏ដូចជានៅតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ក្នុងអំឡុងកិច្ចពិភាក្សាដែលប្រព្រឹត្តឡើងនៅទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា កាលពីដើមខែវិច្ឆិកានេះ អាមេនីនិងអាហ្សែបៃហ្សង់បានយល់ស្របចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នានៅតំបន់ជម្លោះ Nagorno-Karabakh ដែលជាការបញ្ចប់សង្គ្រាមរយៈពេល៦សប្តាហ៍ ពាក់ព័ន្ធនឹងតំបន់នោះ។ កិច្ចព្រមព្រៀងនេះ បានបណ្តាលឱ្យបាត់បង់ទឹកដីភាគច្រើននៃតំបន់ Nagorno-Karabakh របូតចេញពីការគ្រប់គ្រងរបស់អាមេនី ដោយពួកវាត្រូវប្រគល់ឲ្យខាង អាហ្សែបៃហ្សង់ និងឈានទៅមានការដាក់ពង្រាយកងរក្សាសន្តិភាពរបស់រុស្ស៊ីចំនួន ១,៩៦០នាក់ នៅតំបន់នោះផងដែរ៕