(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស ក្នុងទីក្រុងឡុងដ៍ បានឱ្យដឹងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងឡុងដ៍) ថាពួកគេបានឃាត់ខ្លួនមនុស្សយ៉ាងហោច១៥៥នាក់ ដែលបានចូលរួមក្នុងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការបិទប្រទេស និងវ៉ាក់សាំងកូវីដ-១៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប៉ូលិសអង់គ្លេស អ្នកដែលត្រូវបានចាប់ខ្លួនខាងលើ គឺបានបំពានច្បាប់ផ្សេងៗពីគ្នា ក្នុងនោះមានទាំងការប្រើហិង្សាប្រឆាំងមន្ត្រីរាជការ និងបំពានវិធានការ បិទប្រទេសប្រឆាំងកូវីដ-១៩ ជាដើម។ អង់គ្លេសបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងវិធានការបិទប្រទេសដែលគ្រោងនឹងអស់សុពលភាពនៅថ្ងៃទី០២ ខែធ្នូខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ ១.៦លាននាក់ ក្នុងនោះស្លាប់ ៥៨,០៣០នាក់។ តែមិនទាន់មានតួលេខ បញ្ជាក់ពីចំនួនអ្នកជាសះស្បើយឡើងវិញឡើយ៕