(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រួហានី (Hassan Rouhani) បានប្រកាសកាលពីថ្ងៃសៅរ៍ ម្សិលមិញថា ប្រទេសអ៉ីស្លាមមួយនេះនឹងសងសឹក ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងការធ្វើឃាតអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អ៉ីរ៉ង់ លោក ម៉ូហ៍សិន ហ្វាគ្រីហ្សាដេហ៍ (Mohsen Fakhrizadeh)។
លោក ហ្វាគ្រីហ្សាដេហ៍ ដែលត្រូវបានគេចាត់ទុកថាជា «បិតាកម្មវិធីនុយក្លេអ៊ែរ» ម្នាក់ផងនោះ ត្រូវបានគេធ្វើឃាតនៅក្បែរទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ពោលគឺ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិក (IAEA) អះអាងថាអ៉ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិត ដែលត្រូវបានហាមឃាត់ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៥ និងនៅក្រោយពេលលេចលឺព័ត៌មានជាបន្តបន្ទាប់ថា លោកដូណាល់ ត្រាំ មានបំណងបើកការវាយប្រហារលើទីតាំង នុយក្លេអ៊ែរអ៉ីរ៉ង់ មុននឹងលោកផុតអាណត្តិជាប្រធានាធិបតីអាមេរិក ។
*តើនរណាជាអ្នកសម្លាប់លោក Fakhrizadeh?
បើតាមក្រសួងការពារជាតិអ៉ីរ៉ង់ លោក ហ្វាគ្រីហ្សាដេហ៍ ត្រូវបានគេធ្វើឃាត តាមរយៈការវាយប្រហាររថយន្តរបស់លោកដោយខ្មាន់កាំភ្លើងមួយក្រុម កំឡុងពេលលោកធ្វើដំណើរ ទៅកាន់ទីក្រុងអាប់សាដ (Absard) ស្ថិតនៅចំងាយប្រមាណ៦៤គីឡូម៉ែត្រ ពីរដ្ឋធានីតេហេរ៉ង់។ លោក ហ្វាគ្រីហ្សាដេហ៍ បានស្លាប់ក្រោយពេលត្រូវបានគេបញ្ជូនទៅដល់ មន្ទីរពេទ្យ។ មកទល់នឹងពេលនេះ មិនទាន់មានប្រទេស ឬក្រុមណាមួយ ចេញមុខទទួលស្គាល់ខុសត្រូវលើការស្លាប់របស់អ្នកជំនាញនុយក្លេអ៊ែររូបនេះឡើយ។ ប៉ុន្តែ នៅក្នុង សុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រួហានី បានចោទប្រកាន់ថាអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ សហរដ្ឋអាមេរិក គឺជាអ្នកនៅពីក្រោយខ្នងការធ្វើឃាតលោក ហ្វាគ្រីហ្សាដេហ៍។
ក្រុមអ្នកជំនាញមួយចំនួន យល់ថាការចោទប្រកាន់លើអ៉ីស្រាអែលរបស់លោក រួហានី មិនមែនជារឿងខុសទំនងនោះទេ។ ដ្បិត បើតាមកាសែតអាមេរិក New York Times មន្ត្រីអាមេរិកម្នាក់ រួមទាំងមន្ត្រីចារកម្ម២នាក់ទៀត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាអ៉ីស្រាអែល មានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Fakhrizadeh។ កាលពី ដើមខែវិច្ឆិកា New York Times ក៏បានរាយការណ៍ដែរថា ទីភ្នាក់ងារចារកម្មអ៉ីស្រាអែល បានសម្លាប់បងធំទី២ម្នាក់ របស់ក្រុមអាល់កៃដា មានឈ្មោះថា អាប់ឌុលឡាហ៍ អាហ៍ម៉េដ អាប់ឌុលឡាហ៍ (Abdullah Ahmed Abdullah) នៅក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅ។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) គឺជាមេដឹកនាំចុងក្រោយគេបំផុត ដែលធ្លាប់និយាយចំៗឈ្មោះ របស់លោក Fakhrizadeh ដោយកាលពីឆ្នាំ២០១៨ លោកបានឲ្យរហស្សនាមលោក Fakhrizadeh ថា «បិតានៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់» ហើយថែមទាំងជំរុញឱ្យប្រជាជន អ៉ីស្រាអែល កត់ចំណាំឈ្មោះអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់រូបនេះទុកទៀតផង។
ក្រុមមន្ត្រីអ៉ីស្រាអែល មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយពាក់ព័ន្ធនឹងមរណភាពរបស់លោក Fakhrizadeh តែជារឿយៗ អ៉ីស្រាអែលតែងតែបដិសេធការចោទប្រកាន់បែបនេះ។ ម្យ៉ាងវិញទៀត មិនថានរណាជាអ្នកសម្លាប់ លោក Fakhrizadeh នោះទេ ប៉ុន្តែរឿងដែលសំខាន់ជាងនេះទៅទៀត នោះគឺមរណភាពរបស់លោក ជាការបាត់បង់ធនធានមនុស្សធំ បំផុតសម្រាប់ជាតិជាលើកទី២ ក្នុងរយៈពេលមិនដល់មួយឆ្នាំស្រួលបួលផង បន្ទាប់ពីមេទ័ពកំពូលអ៉ីរ៉ង់ លោក Qasem Soleimani ត្រូវបានសហរដ្ឋអាមេរិកផ្ដាច់ជីវិត នៅក្នុង ទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ដើមឆ្នាំកន្លងទៅ។
*ការធ្វើឃាតលោក Fakhrizadeh កើតចំកាលៈទេសៈល្អនៃការស្ដារទំនាក់ទំនងរវាងអាមេរិក-អ៉ីរ៉ង់
ទោះបីជាមានការព្រមានសងសឹកពីអ៉ីរ៉ង់ក៏ដោយ តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើនឹងមានអ្វីកើតឡើងនៅពេលបន្ទាប់ ខណៈភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ានៅតែ បន្តស្ថិតនៅក្នុងហានិភ័យខ្ពស់ដដែល។ បើគេនៅចាំមិនភ្លេចទេ ក្រោយការធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qasem Soleimani ក្នុងទីក្រុងបាកដាដ អ៉ីរ៉ង់ បានសងសឹក តាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសអ៉ីរ៉ាក់ ។ មុនពេលការធ្វើឃាតលោក Fakhrizadeh អ៉ីរ៉ង់ក៏បានព្រមានដែរថា ខ្លួននៅតែមាន ផែនការសងសឹកឱ្យវិញ្ញាណក្ខន្ធលោក Soleimani។
ក៏ប៉ុន្តែ ក្នុងកាលៈទេសៈសព្វថៃ្ង ដែលអ៉ីរ៉ង់កំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអ៉ីរ៉ង់ ៤៧,៤៨៦នាក់ អ៉ីរ៉ង់ទំនងជានឹងមិនធ្វើសកម្មភាពសងសឹក អ្វីជាដុំកុំភួនលើសហរដ្ឋអាមេរិក ឬអ៉ីស្រាអែល រហូតដល់ឱ្យលោក ដូណាល់ ត្រាំ មានលេសប្រើកម្លាំងយោធា ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមនោះទេ ស្របពេលទីក្រុងតេហេរ៉ង់កំពុងរំពឹងថានឹងមានទំនាក់ទំនងល្អគ្រាន់បើជាងពេលបច្ចុប្បន្ន ជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោក ចូ បៃដិន ដែលអាចនឹងបន្ធូរបន្ថយទណ្ឌកម្ម តាមរយៈការនាំ សហរដ្ឋអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ទោះបីជាលោក បៃដិន ផ្ទាល់មិនទាន់បង្ហើបពីឆន្ទៈពិតប្រាកដណាមួយក៏ដោយ។
បើតាមក្រុមអ្នកជំនាញ មានហេតុផលពីរអាចទៅរួច ដែលនៅពីក្រោយការធ្វើឃាតលោក Fakhrizadeh នោះគឺទីមួយ គឺចេតនាចង់បង្កឧបសគ្គ ឬបង្កើតបញ្ហាស្មុគស្មាញដែល អាចរារាំងមិនឱ្យរដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន និងរដ្ឋាភិបាលអ៉ីរ៉ង់ ស្ដារទំនាក់ទំនងនឹងគ្នា ឬក៏នាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៥ ឡើងវិញ។ កិច្ចព្រមព្រៀងនេះត្រូវបានអ៉ីស្រាអែល និងប្រទេសអារ៉ាប់ភាគច្រើនរិះគន់ និងចាត់ទុកថាវាជានយោបាយទន់ជា្រយ និងមានតែផ្ដល់ឱកាសឱ្យអ៉ីរ៉ង់ ផលិតអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។
ចំណែកឯ ហេតុផលទី២ នោះគឺការជំរុញឱ្យអ៉ីរ៉ង់សងសឹក។ ការសងសឹករបស់អ៉ីរ៉ង់ អាចនឹងផ្ដល់លេសសមហេតុផលមួយ ដើម្បីឱ្យអ៉ីស្រាអែល ឬរដ្ឋបាលលោក ដូណាល់ ត្រាំ បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ក្នុងតំបន់ណាតាន់ (Natanz) ដែលប្រទេសទាំង២ជឿជាក់ ជាកន្លែងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមដ៏ច្រើនសន្ធឹកសន្ធាប់ ទុកសម្រាប់ ផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា បើតាមកាសែតអាមេរិក New York Times ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ លោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សាយោធាជាន់ខ្ពស់របស់លោកពី បំណង វាយប្រហារតាមផ្លួវអាកាសកម្ទេចទីតាំងនុយក្លេអ៊ែរ ណាតាន់ (Natanz) ស្ថិតនៅកណ្ដាលប្រទេសអ៉ីរ៉ង់។ តែព្រមពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងនោះរួមមាន លោកអនុប្រធានាធិបតី ម៉ៃក៍ ភែន, រដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក នាយឧត្តមសេនីយ៍ ម៉ាក មីលលី (Mark Milley) បានបញ្ចុះលោក ត្រាំ ឱ្យពិចារណាឡើងវិញ ដោយពួកគេព្រមានថាការវាយប្រហារលើអ៉ីរ៉ង់ អាចនឹងបង្កឱ្យសង្រ្គាម ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។
ពាក្យចចាមអារ៉ាម និងព័ត៌មានមិនទាន់ស្ងប់ឡើយ ដោយព័ត៌មានអាមេរិក Axios កាលពីថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ ថាកងទ័ពអ៉ីស្រាអែល ត្រូវបានណែនាំឱ្យត្រៀម ខ្លួនជានិច្ច និងស្ថិតនៅក្នុងលក្ខណៈប្រុងជើងការ ចំពោះលទ្ធភាពដែលលោក ត្រាំ អាចនឹងបើកការវាយប្រហារលើអ៉ីរ៉ង់ មុននឹងលោកចាកចេញពីសេតវិមាន នៅខែមករា ឆ្នាំ២០២១។ លើសពីនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏លេចលឺដំណឹងថា សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចក្នុងតំបន់នេះរបស់លោករដ្ឋមន្ត្រីការបរទេស ប៉ុមប៉េអូ ផងដែរ៕
ប្រភព៖ Vox