(សេអ៊ូល)៖ គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានការឯកភាពគ្នា ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 រាប់លានដូសបន្ថែមទៀត បន្ទាប់ពីករណីឆ្លងថ្មីៗ បាននិងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រទេសកូរ៉េខាងត្បូង បានគ្រោងរួចរាល់ហើយ ដើម្បីធានាបាននូវការផ្ដល់ជូនវ៉ាក់សាំងប្រឆាំង COVID-19 សម្រាប់ប្រជាជនចំនួន ៣០លាននាក់ ឬប្រហែល ៦០ភាគរយនៃចំនួនប្រជាជនសរុប ប៉ុន្តែសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេនឹងផ្តល់មូលនិធិសមស្រប ដើម្បីទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជនរហូតដល់ ៤៤លាននាក់ក្នុងចំណោម ៥១លាននាក់។
មន្ត្រីមួយរូបនៃគណបក្សកាន់អំណាច លោក លី ណាក់ យ៉ុន (Lee Nak-yon) បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «គណបក្សប្រជាធិបតេយ្យ គ្រោងនឹងត្រៀមថវិកាចំនួន ១.២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងថវិកាសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង កំពុងប្រយុទ្ធប្រឆាំងនឹងរលកធំបំផុត នៃជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលដំបូងឡើយត្រូវបានបង្កឡើង ដោយករណីឆ្លងតិចតួចបំផុត នៅរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះ។ រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣៤,២០១ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៥២៦នាក់ និងជាសះស្បើយចំនួន ២៧,៦៥៣នាក់៕