(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃពុធនេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៤៣៨ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៤៣៤,៣៥៧ករណី។ ជុំវិញបញ្ហានេះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅថ្ងៃពុធនេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលផ្ដល់សិទ្ធិដល់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសហ្វីលីពីន ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំង COVID-19 ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ឲ្យដឹងបន្ថែមថា ចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៣៩៩,០០០នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ២៣២នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ ដោយឡែកអ្នកជំងឺចំនួន ១៨នាក់ផ្សេងទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៨,៤៣៦នាក់ផងដែរ។
គួរបញ្ជាក់ថា បើតាមមេបញ្ជាការកងទ័ពហ្វីលីពីន លោក ខាលីតូ ហ្គាល់វែស (Carlito Galvez) ជាមួយការចុះហត្ថលេខាលើបទបញ្ជាខាងលើនេះ វ៉ាក់សាំងប្រឆាំង COVID-19 អាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងរយៈពេលមួយខែបន្ទាប់ ដែលប្រទេសហ្វីលីពីន អាចនឹងទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 ពីក្រុមហ៊ុនផលិតវ៉ាក់សាំងបរទេស នៅត្រីមាសទី១ដើមឆ្នាំ២០២១ ខាងមុខនេះ។ ប្រទេសហ្វីលីពីនមានគោលបំណងផ្ដល់ វ៉ាក់សាំងប្រឆាំង COVID-19 ដល់ប្រជាជនរបស់ខ្លួនរហូតដល់ ៧០លាននាក់ក្នុងរយៈពេលពី ៣-៥ឆ្នាំ៕