(ឡុងដ៍)៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស The Sun នាពេលថ្មីៗនេះ បានរាយការណ៍ថា មហាក្សត្រីយ៍ អេលីហ្សាបេតទី២ (Elizabeth II) ទើបតែបានបាត់បង់សត្វសុនខជាទីស្រឡាញ់របស់ទ្រង់មួយក្បាលទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។
សុនខឈ្មោះថា វុលខាន (Vulcan) ដែលជាអម្បូរសុនខ ដរហ្គី (Dorgi) ត្រូវគេរាយការណ៍ថា បានងាប់នៅឯព្រះរាជដំណាក់វីនសឺ (Windsor Castle) ដែលប្រការនេះធ្វើឲ្យមហាក្សត្រីយ៍ អេលីហ្សាបេត នៅសល់សុនខចុងក្រោយតែមួយក្បាលទៀតប៉ុណ្ណោះឈ្មោះថា ខេនឌី (Candy) ដែលជាអម្បូរ Dorgi ដូចគ្នា។ សុនខអម្បូរ Dorgi គឺជា អម្បូរដែលគេបង្កាត់ពូជរវាងអម្បូរសុនខ Dachshund និង Corgi។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ មហាក្សត្រីយ៍ចក្រភពអង់គ្លេស បានបាត់បង់ វីលឡូ (Willow) ដែលជាខ្សែស្រឡាយចុងក្រោយបំផុតមកពី សុនខអម្បូរ Corgi ដំបូងបំផុតរបស់ទ្រង់ឈ្មោះថា ស៊ូសាន (Susan) ដែលទ្រង់ទទួលបានក្នុងឱកាសចម្រើនជន្មាយុ១៨ព្រះរាជវស្សាកាលពី ឆ្នាំ១៩៤៤។ សរុបមកទល់បច្ចុប្បន្ន មហាក្សត្រីយ៍ អេលីហ្សាបេតទី២ ធ្លាប់មានសុនខរាប់សិបក្បាល៕