(ស៊ីដនី)៖ ប្រភពមួយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលីកំពុងស្វែងរកទីផ្សារ សម្រាប់ផលិតផលកប្បាសរបស់ខ្លួន ពីបណ្តាប្រទេសមួយចំនួនដូចជាវៀតណាម ខណៈដែលភាពតានតឹងជាមួយប្រទេសចិន បានគំរាមកំហែងទីក្រុងកង់បេរ៉ា ឲ្យស្តុកទុកកប្បាសដែលខ្លួនផលិតបាន នៅក្នុងបរិមាណដ៏ច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
កាលពីខែតុលា រោងម៉ាស៊ីនកប្បាសនៅក្នុងប្រទេសចិនទាំងអស់ បានទទួលបទបញ្ជា ឲ្យបញ្ឈប់ការទិញកប្បាសពីប្រទេសអូស្ត្រាលី ដោយបានគំរាមកំហែងដល់ពាណិជ្ជកម្ម ដែលមានតម្លៃប្រហែលជា ៦៧២លានដុល្លារអាមេរិក ស្របពេលដែលភាពតានតឹង រវាងប្រទេសទាំងពីរកាន់តែកើនឡើងខ្លាំង។
កសិករអូស្រ្តាលី មិនទាន់រងផលប៉ះពាល់ភ្លាមៗនៅឡើយទេ ដោយសារតែពួកគេមានកប្បាស នៅក្នុងស្តុកតិចតួចដើម្បីលក់ប៉ុណ្ណោះ ក្រោយគ្រោះរាំងស្ងួត បានបង្កការរំខានដល់ផលិតកម្ម។ ប៉ុន្តែ ចាប់តាំងពីភ្លៀងចាប់ផ្តើមធ្លាក់ នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្រ្តាលី កសិករត្រូវបានគេរំពឹងថា នឹងអាចផលិតកប្បាសបានរហូតដល់ទៅ ៥០៦,០០០តោន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨ ប្រការនេះហើយទើបធ្វើឲ្យអ្នកនាំចេញ សម្រុករកទីផ្សារផ្សេងជំនួសចិន។
ប្រភពដដែលបានកត់សម្គាល់ទៀតថា ជាធម្មតាប្រទេសចិនតែងទិញយក ផលិតផលកប្បាសរបស់អូស្ត្រាលីប្រហែលជា ៦០ភាគរយនៃផលិតផលសរុប ប៉ុន្តែពេលនេះអូស្ត្រាលីកំពុងជំរុញការនាំចេញទៅកាន់ប្រទេសវៀតណាម ថៃ និងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។ អូស្រ្តាលីនឹងចាប់ផ្តើមប្រមូលផលកប្បាសរបស់ខ្លួន នៅក្នុងខែមេសា ឆ្នាំ២០២១ ដែលបានផ្តល់ពេលវេលាបន្ថែមសម្រាប់អ្នកនាំចេញ ដើម្បីតម្រង់ទិសរកអតិថិជនថ្មីៗ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និងចិន បានចាប់ផ្តើមវិវឌ្ឍទៅរកភាពតឹង តាំងពីឆ្នាំ២០១៨មកម្ល៉េះ ក្រោយពេលដែលអូស្រ្តាលីបានក្លាយជាប្រទេសដំបូងគេ ដែលហាមឃាត់ក្រុមហ៊ុន Huawei របស់ចិនពីបណ្តាញ 5G របស់ខ្លួន។ នៅក្នុងឆ្នាំ ២០២០នេះ ទំនាក់ទំនងរវាងភាគីទាំងពីរ កាន់តែអាក្រក់ជាងនេះទៅទៀត នៅពេលអូស្រ្តាលីបានអំពាវនាវឲ្យមាន ការស៊ើបអង្គេតពីប្រភពដើមនៃវីរុសកូរ៉ូណា។
ដោយឡែកផ្នែកពាណិជ្ជកម្មទ្វេភាគីចិន និងអូស្ត្រាលី ក៏កាន់តែយ៉ាប់យ៉ឺនផងដែរ ក្រោយទីក្រុងប៉េកាំងបានសម្រេច បន្ថែមពន្ធលើទំនិញស្រូវសាឡីពីអូស្ត្រាលី រួមទាំងកាត់បន្ថយការនាំចូលសាច់គោ និងធ្យូងថ្មពីអូស្ត្រាលីផងដែរ។ បន្ថែមពីលើនេះ ប្រទេសចិនក៏បានហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលស្រាថ្លៃៗមួយចំនួនពីអូស្រ្តាលី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១១ ខែធ្នូ ខាងមុខនេះតទៅ៕