(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា ប្រទេសចិនកំពុងដកហូតការលើកលែងទិដ្ឋាការ សម្រាប់បុគ្គលកាន់លិខិតឆ្លងដែនការទូតរបស់សហរដ្ឋអាមេរិក ដែលធ្វើទស្សនកិច្ចមកកាន់ទីក្រុងហុងកុង និងម៉ាកាវ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
ប្រទេសចិនក៏នឹងអនុវត្តនូវការដាក់ទណ្ឌកម្មឆ្លើយតបទៅវិញផងដែរ ប្រឆាំងនឹងមន្ត្រី សមាជិកសភា និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ជុំវិញសកម្មភាពដែលបុគ្គលទាំងនោះ បានប្រព្រឹត្តពាក់ព័ន្ធនឹងទីក្រុងហុងកុង។ ប៉ុន្តែលោកស្រី ហ័រ មិនបានបញ្ជាក់អំពីឈ្មោះបុគ្គលដែលនឹងត្រូវរងទណ្ឌកម្ម ឬក៏ថាតើទណ្ឌកម្មនឹងត្រូវចាប់ផ្តើមដាក់នាពេលណា ឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ រួមជាមួយបម្រាមធ្វើដំណើរទៅលើមន្រ្តីចិន ចំនួន១៤រូប ជុំវិញការពាក់ព័ន្ធរបស់ពួកគេក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ព្រមទាំងការដែលទីក្រុងប៉េកាំងកាលពីខែមុន បានដកសិទ្ធិសមាជិកសភាបក្សប្រឆាំងជាច្រើនរូបនៅក្នុងទីក្រុងហុងកុង៕