(ហុងកុង)៖ នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) លោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃសុក្រនេះបាននិយាយថា ទីក្រុងហុងកុងនឹងទទួលបានវ៉ាក់សាំង COVID-19 ដំបូងបង្អស់នៅខែមករា ដើមឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី Lam បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា គោលដៅរបស់រដ្ឋបាលទីក្រុងហុងកុង គឺផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនប្រមាណ ៧,៥លាននាក់របស់ខ្លួន «ដោយឥតគិតថ្លៃ»។
លោកស្រី Lam បានគូសបញ្ជាក់បន្ថែមថា ចំនួនវ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលនៃ HKSAR បានបញ្ជាទិញ គឺទ្វេដងនៃចំនួនប្រជាជនហុងកុង ដែលវានឹងគ្រប់គ្រាន់សម្រាប់មនុស្សប្រមាណ ១៥លាននាក់ ដែលបច្ចុប្បន្ននេះ ហុងកុងបានឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថចំនួន ០២ រួចទៅហើយគឺ Sinovac របស់ចិន និង Pfizer របស់អាមេរិក ខណៈកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca របស់អង់គ្លេសវិញត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា កន្លងមកទីក្រុងហុងកុងធ្លាប់បានបញ្ជាក់រួចហើយថា ខ្លួនបានធ្វើការបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអាមារិក Pfizer ចំនួន ៧.៥លានដូស និងពីក្រុមហ៊ុនផលិតឱសថចិន Sinovac ចំនួន ៧.៥លានដូសទៀត ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួននៅទូទាំងទីក្រុងហុងកុង។ អាជ្ញាធរហុងកុងបានត្រៀមលក្ខណៈ ពេញលេញរួចជាស្រេច សម្រាប់ដំណើរការចាក់វ៉ាក់សាំងនេះ៕