(ញូយ៉ក)៖ អ្នកសារព័ត៌មានយ៉ាងហោច ៥០នាក់ នៅជុំវិញពិភពលោក ត្រូវគេបានសម្លាប់ កំឡុងបំពេញតួនាទីរបស់ខ្លួន ក្នុងឆ្នាំ២០២០កន្លងទៅ ខណៈជាង៥០០នាក់ ស្លាប់ ដោយសារ COVID-19។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយអង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មាន ដកស្រង់ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។
ក្នុងរបាយការណ៍របស់ខ្លួនស្ដីពីការរំលោភបំពាន និងអំពើហិង្សាប្រឆាំងអ្នកសារព័ត៌មាន អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានបញ្ជាក់ទៀតថា នៅក្នុងចំណោម អ្នកសារព័ត៌មានទាំង៥០នាក់ខាងលើ មាន២ភាគ៣ ត្រូវបានគេសម្លាប់ នៅក្នុងប្រទេសដែលត្រូវបានចាត់ទុកថាមាន «សន្តិភាព» ជាជាងក្នុងប្រទេសកំពុងមានសង្រ្គាម បើធៀប ទៅនឹងកាលពីឆ្នាំ២០១៩ ដែលអ្នកសារព័ត៌មាន៥៣នាក់ ត្រូវបានគេសម្លាប់។ របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថា ប្រទេសម៉ិចស៊ីកូ នៅតែជាកន្លែងមានគ្រោះថ្នាក់សម្រាប់ អ្នកសារព័ត៌មានដដែល ស្របពេលអ្នកសារព័ត៌មាន ៣៨៧នាក់ នៅជុំវិញពិភពលោក កំពុងជាប់ឃុំក្នុងពន្ធនាគារ មានជាប់ពាក់ព័ន្ធនឹងការងារជាអ្នកសារព័ត៌មាន។
ដោយឡែក បើនិយាយអំពីអ្នកសារព័ត៌មានស្លាប់ដោយសារ COVID-19 វិញ អង្គការ Press Emblem Campaign (PEC) បានឱ្យដឹងថា អ្នកសារព័ត៌មានរហូតដល់ទៅជាង ៥០០នាក់ឯណោះ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ នៅក្នុងប្រទេសចំនួន៥៦ គិតចាប់តាំងពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា បើតាម PEC អ្នកសារព័ត៌មានដែលស្លាប់ដោយសារ COVID-19 ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ីកូជាដើម។ ចំនួនអ្នកសារព័ត៌មាន ស្លាប់នៅក្នុងសមរភូមិសង្រ្គាម ក្នុងឆ្នាំ២០២០ មានចំនួនតិចបំផុត គិតចាប់តាំងពីឆ្នាំ២០០០មក។ ការធ្លាក់ចុះនេះទៀតសោត គឺដោយសារតែការរឹតត្បិត ការធ្វើដំណើរ នៅជុំវិញពិភពលោក ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19៕