(គូឡាឡាំពួ)៖ មនុស្សប្រមាណជា១,០០០នាក់ ដែលរស់នៅក្នុងរដ្ឋចូហ៊រ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៉ី ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងជ្រកកោនបណ្តោះអាសន្ន ក្រោយមានគ្រោះទឹកជំនន់ ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នាកន្លងមកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។
ស្រុកចំនួន៤ រួមមាន គូឡៃ (Kulai), ចូហ៊រ បារូ (Johor Bahru), គ្លូអាង (Kluang) និង កូតា ទីងហ្គី (Kota Tinggi) ដែលស្ថិតនៅរដ្ឋ Johor បានរងគ្រោះទឹកជំនន់ ហើយការធ្វើចរាចរណ៍ក៏ទទួលរងផលប៉ះពាល់ផងដែរ។ អាជ្ញាធររដ្ឋ Johor បានឲ្យដឹងថា បើតាមរបាយការណ៍ឧតុនិយម ភ្លៀងអាចនឹងបន្តធ្លាក់ប៉ុន្មានថ្ងៃទៀត ដូច្នេះហើយអ្នកដែលរងការប៉ះពាល់ទាំងឡាយ គួរតែគិតគូរពីសុវត្ថិភាពគ្រួសារជាចម្បង គឺត្រូវជម្លៀសខ្លួនតាមការណែនាំរបស់អាជ្ញាធរ។
គួរបញ្ជាក់ថា អាជ្ញាធររដ្ឋ Johor បានធ្វើការអំពាវនាវដូចខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានប្រជាជនមួយចំនួនមិនចង់ស្តាប់ តាមការណែនាំរបស់អាជ្ញាធរឲ្យជម្លៀសខ្លួន ព្រោះតែពួកគេបារម្ភពីទ្រព្យសម្បត្តិនិងផ្ទះសម្បែង។ ចំណែកប្រទេសសិង្ហបុរីដែលនៅជិតខាងគ្នា ក៏បានទទួលរងការធ្លាក់ភ្លៀងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះដែរ ដោយកាលពីថ្ងៃសៅរ៍សីតុណ្ហភាពបានចុះដល់២១អង្សាសេ៕