(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣២,២២៧នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ២,១០៧នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២០,៩០៤,៧០១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៥៨,៦៨២នាក់ និងជាសះស្បើយឡើងសរុបចំនួន ១២,៣៦១,៣៨៧នាក់។
គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕