(ញូដេលី)៖ លោក VG Somani ប្រធានទីភ្នាក់ងារគ្រប់គ្រងស្តង់ដាសុវត្ថិភាព ឱសថនៃប្រទេសឥណ្ឌា នាថ្ងៃអាទិត្យនេះបានឲ្យដឹងថា លោកបានផ្តល់ការអនុញ្ញាតចុងក្រោយ សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់នូវវ៉ាក់សាំង COVID-19 ចំនួនពីរ ក្នុងនោះមួយជារបស់ក្រុមហ៊ុនចក្រភពអង់គ្លេស AstraZeneca ដែលសហការជាមួយសាកលវិទ្យាល័យអង់គ្លេស Oxford និងមួយទៀតជារបស់ក្រុមហ៊ុនក្នុងស្រុកផ្ទាល់គឺ Bharat Biotech។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។
លោក Somani បាននិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានកម្រិត៧០.៤២ភាគរយ ខណៈវ៉ាក់សាំងហៅថា COVAXIN របស់ក្រុមហ៊ុន Bharat Biotech គឺមានសុត្ថិភាពក៏ដូcជាមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្តល់ការពារប្រឆាំងនឹង COVID-19។ វ៉ាក់សាំង COVID-19 របស់ AstraZeneca កំពុងផលិតឡើងនៅក្នុងប្រទេសឥណ្ឌាផ្ទាល់ ដោយវិទ្យាស្ថាន Serum Institute of India ចំណែក វ៉ាក់សាំងរបស់ Bharat Biotech គឺក្រុមហ៊ុននេះបានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលឥណ្ឌា (Indian Council of Medical Research) ដើម្បីផលិត។
គួរបញ្ជាក់ថា ការសម្រេចអនុញ្ញាតខាងលើត្រូវគេរំពឹងថា នឹងបើកផ្លូវដល់យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតមួយនៅលើពិភពលោកប្រឆាំង នឹងជំងឺ COVID-19 ក្នុងពេលប៉ុន្មានខែខាងមុខនេះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី២គឺប្រមាណ១.៣ពាន់លាននាក់។ ឥណ្ឌាជាប្រទេសដែលមានការឆ្លងរាលដាល COVID-19 ច្រើនជាងគេបង្អស់ទី២ គឺជាង១០.៣លាននាក់ ក្នុងនោះស្លាប់ជិត១៥០,០០០នាក់៕