(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៧០៤ករណីបន្ថែមទៀត នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ នៅក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មី ១១ទៀតផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១១៩,០៧៧ករណី ក្នុងនោះស្លាប់ ៤៩៤នាក់ និងជាសះស្បើយ ៩៧,២១៨នាក់ ឬស្មើនឹង៨១.៦%៕