(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីសុខាភិបាលអាមេរិក លោក Alex Azar នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសលាលែងពីមុខតំណែងរបស់ខ្លួន ដោយសារតែការធ្វើកុបកម្មនៅវិមានសភាអាមេរិក ខណៈកន្លងទៅនេះ រដ្ឋមន្រ្តីអាមេរិក៣រូបទៀត ក៏បានចុះចេញពីតួនាទី ក្រោមហេតុផលស្រដៀងគ្នាដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។
នៅក្នុងលិខិតលាលែងពីតំណែង លោក Azar បានលើកឡើងដូច្នេះថា «ការចូលអុកឡុកវិមានសភាអាមេរិក គឺជាការវាយប្រហារមកលើលទ្ធិប្រជាធិបតេយ្យរបស់យើង និងមកលើប្រពៃណីនៃការផ្ទេរអំណាចដោយសន្តិវិធី»។ ជាមួយគ្នានេះ លោក Azar បានទទូចឲ្យលោក ដូណាល់ ត្រាំ ថ្កោលទោសឲ្យចំៗចំពោះអំពើហិង្សាទោះក្នុងទម្រង់ណាក៏ដោយ ហើយលោកក៏បានទាមទារផងដែរកុំឲ្យនរណាម្នាក់ ព្យាយាមបង្កភាពរាំងស្ទះដល់ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន។
គួរជម្រាបថា សរុបមក លោក Azar ក្លាយជារដ្ឋមន្រ្តីទី៤ហើយនៃរដ្ឋបាលជិតចប់អាណត្តិរបស់លោក ត្រាំ ដែលបានលាលែងពីមុខតំណែង ក្រោយការផ្ទុះអំពើហិង្សាដែលបង្កឡើង ដោយសារក្រុមអ្នកគាំទ្រលោក ត្រាំ សម្រុកចូលលុកលុយវិមានសភាអាមេរិក កាលពីថ្ងៃទី០៦ ខែមករា។ រដ្ឋមន្រ្តី៣រូបទៀតគឺរដ្ឋមន្រ្តីដឹកជញ្ជូនអាមេរិក, រដ្ឋមន្រ្តីអប់រំ និងរដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ៕