(បាងកក)៖ ប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២៣០ករណីបន្ថែមទៀត និងករណីស្លាប់ម្នាក់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ លោក ថាវីស៊ីព វីសានុយោធីន (Taweesilp Visanuyothin) បុរសវ័យ ៦៧ឆ្នាំដែលបានស្លាប់នោះ បានទៅកន្លែងកម្សាន្តចំនួន ០២ដង គឺនៅថ្ងៃទី២១ និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។
លោក Taweesilp Visanuyothin បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែធ្នូ បុរសរូបនោះក៏បានធ្លាក់ខ្លួនឈឺ ដោយមានអាការៈគ្រុនក្តៅ និងក្អក។ បន្ទាប់ពីដឹងថា បុគ្គលិកនៃកន្លែងកម្សាន្តនោះ ត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះ COVID-19 បុរសនោះ ត្រូវបានស្នើសុំឲ្យធ្វើតេស្តនៅថ្ងៃទី២៩ ខែធ្នូ ដោយលទ្ធផលចេញមក គឺវិជ្ជមាននៅថ្ងៃបន្ទាប់។ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្ថានភាពជំងឺរបស់បុរសនោះ បានវិវត្តទៅជាជំងឺរលាកសួត និងខ្សោយតំរងនោម និងបានស្លាប់បាត់បង់ជីវិត នៅថ្ងៃតែមួយនោះតែម្ដង។
លោក Taweesilp Visanuyothin បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ២៣០ករណីខាងលើ ក្នុងនោះរួមមាន ៨៣ករណី ជាក្រុមអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុមអ្នកជំងឺដែលបានឆ្លងពីមុន ឬជាក្រុមអ្នកដែលបានធ្វើដំណើរទៅកាន់ តំបន់ដែលមានហានិភ័យខ្ពស់ ខណៈ ១២៦ករណីទៀត បានធ្វើតេស្តវិជ្ជមាន អំឡុងពេលកំពុងស្វែងរកករណីសកម្ម នៅក្នុងសហគមន៍។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១១,៦៨០ករណីក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ ៨,៩០៦នាក់៕