(ហៃកូវ)៖ កងនាវាទី ៣៧ របស់យោធាជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃសៅរ៍នេះបានចាកចេញពី កំពង់ផែសាន់យ៉ា (Sanya) នៃខេត្តដីកោះហៃណាន (Hainan) ហើយ ដើម្បីឆ្ពោះទៅកាន់ឈូងសមុទ្រ អេដិន (Gulf of Aden) ក្បែរប្រទេសសូម៉ាលី ដោយស្ថិតក្នុងការគោលដៅ ការពារសុវត្ថិភាពដល់នាវាស៊ីវិល ដែលឆ្លងកាត់តាមតំបន់នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។
កងនាវាចម្បាំងចិនខាងលើនេះ ដឹកនាំដោយនាវាពិឃាតបំពាក់គ្រាប់មីស៊ីល មានឈ្មោះថា ឆាងសា (Changsha) ព្រមទាំងនាវាចម្បាំងពីរគ្រឿងទៀតគឺ យូលីន (Yulin) និងហុងហ៊ូ (Honghu) ខណៈចំនួនមេបញ្ជាការ និងកងទ័ពនៅលើនាវាទាំងអស់មានសរុប ៧០០នាក់ ហើយក្នុងចំណោមនោះ ក៏មានកងប្រតិបត្តិការពិសេសជាង ១០នាក់ផងដែរ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលនាវាពិឃាត Changsha ត្រូវបានបញ្ជូនឲ្យទៅធ្វើ ប្រតិបត្តិការការពារសន្តិសុខដល់នាវាស៊ីវិល។ កងទ័ពជើងទឹកចិន បានចាប់ផ្តើមប្រតិបត្តិការការពារសន្តិសុខជាបន្តបន្ទាប់ នៅក្នុងឈូងសមុទ្រ Aden និងដែនទឹកជាប់ប្រទេសសូម៉ាលី ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៨ មកម្ល៉េះ៕