(ស៊ែរប៊ី)៖ វ៉ាក់សាំង COVID-19 ចំនួន ១លានដូសដំបូង ផលិតឡើងដោយក្រុមហ៊ុនចិន Sinopharm បានទៅដល់ប្រទេសស៊ែរប៊ីហើយ នៅម៉ោង ៩៖៥០នាទីព្រឹក ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលធ្វើឱ្យស៊ែរប៊ីក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ទទួលបានវ៉ាក់សាំងចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic និងក្រុមមន្ត្រីរដ្ឋាភិបាលរបស់លោកជាច្រើនរូប ព្រមទាំងអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែរប៊ី លោកស្រី Chen Bo បានអញ្ជើញទៅទទួលវ៉ាក់សាំងទាំងនោះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Nikola Tesla ក្នុងទីក្រុង Belgrade។ ប្រទេសស៊ែរប៊ី ក៏បានបញ្ជាទិញវ៉ាក់សាំង COVID-19 Sputnik V ពីរុស្ស៊ី រួមទាំងវ៉ាក់សាំងផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងអាល្លឺម៉ង់ BioNTech ផងដែរ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ប្រទេសស៊ែរប៊ី បច្ចុប្បន្នមានអ្នកឆ្លង COVID-19 ៣៧១,២១៦នាក់ ក្នុងនោះស្លាប់ ៣,៧៣០នាក់ និងជាសះស្បើយ ឡើងវិញ ៣១,៥៣៦នាក់៕