(ហ្សឺណែវ)៖ សហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ បានអំពាវនាវឲ្យប្រទេសចិន អនុញ្ញាតឲ្យក្រុមជំនាញមកពី អង្គការសុខភាពពិភពលោក (WHO) ធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកថែសុខភាព, អតីតអ្នកជំងឺ COVID-19 និងអ្នកបម្រើការងារនៅមន្ទីរពិសោធន៍ នៅក្នុងទីក្រុងវូហាន (Wuhan) ដោយការអំពាវនាវបែបនេះ កំពុងធ្វើឲ្យចិនរិះគន់ត្រលប់ទៅវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
ក្រុមជំនាញរបស់ WHO ដែលមានសមាជិក ១០នាក់ បានទៅដល់ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន កាលពីសប្តាហ៍មុននេះ ប៉ុន្តែពួកគេត្រូវស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក សម្រាប់រយៈពេល ១៤ថ្ងៃ ទៅតាមបទបញ្ជាផ្នែកសុខាភិបាល។ ទោះជាបែបនេះក្តី នៅអំឡុងពេលពីរសប្តាហ៍នៃចត្តាឡីស័ក ក្រុមជំនាញ WHO បានជួបពិភាក្សា និងស្វែងយល់បញ្ហាជាទូទៅ តាមប្រព័ន្ធវីដេអូខុនហ្វ្រិន មុននឹងពួកគេអាចចាប់ផ្តើមដំណើរការស៊ើបអង្កេតជាផ្លូវការ នៅក្រោយបញ្ចប់ចត្តាឡីស័ក។
សហរដ្ឋអាមេរិកដែលតែងតែរិះគន់ចិន ចាប់តាំងពីការផ្ទុះវីរុស COVID-19 ឡើងជាលើកដំបូងនោះ បានធ្វើការចោទប្រកាន់ និងរិះគន់បន្ថែមទៀត លើដំណើរទស្សនកិច្ចស៊ើបរកការពិត ពីសំណាក់ក្រុមមន្ត្រី WHO នៅក្នុងប្រទេសចិន។ លោក ហ្គារែត ហ្គ្រីតស៍ប៊ី (Garrett Grigsby) មន្ត្រីតំណាងរបស់អាមេរិក ដែលបាននិងកំពុងចូលរួម ដឹកនាំក្រុមខាងលើនេះដែរ បានអះអាងថា ចិនគួរតែចែករំលែកនូវព័ត៌មានគ្រប់យ៉ាង អំពីការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ខ្លួន បូករួមទាំំងគំរូតាងបានមកពី ការស្រាវជ្រាវលើសត្វ, មនុស្ស និងបរិស្ថាននៅទីផ្សារមួយក្នុងទីក្រុង វូហាន ដែលគេជឿជាក់ថា ជាចំណុចផ្ទុះដំបូងនៃមេរោគកូរ៉ូណា (SARS-CoV-2) កាលពីចុងឆ្នាំ២០១៩។
ជុំវិញការលើកឡើងរបស់មន្ត្រីអាមេរិកខាងលើនេះ អគ្គនាយកនៃការិយាល័យឆ្លើយតបបន្ទាន់ ចំណុះឲ្យគណៈកម្មការសុខាភិបាលជាតិចិន លោក ស៊ុន យ៉ាង (Sun Yang) បានប្រាប់គណៈប្រធានប្រតិបត្តិរបស់ WHO នៅក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វ្រិន យ៉ាងដូច្នេះថា «ការសិក្សានានាដើម្បីស្វែងរកប្រភពដើមនៃវីរុស គឺជាធម្មជាតិនៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ វាត្រូវការជាចាំបាច់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ។ យើងត្រូវតែបញ្ឈប់រាល់ការដាក់សម្ពាធផ្នែកនយោបាយ»៕