(វ៉ាស៊ីនតោន)៖ នៅមុននេះបន្តិច លោក ចូ បៃដិន បានធ្វើដំណើរមកដល់វេទិកា រៀបចំពិធីស្បថឡើងកាន់តំណែង ដែលស្ថិតក្នុងអគារវិមានសភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១(ពេលវេលានៅភ្នំពេញ)។
បន្ថែមពីនេះលោកស្រី កាម៉ាឡា ហារីស, អតីតប្រធានាធិបតីប្រធានាធិបតីដូចជា លោក បារ៉ាក់ អូបាម៉ា, លោក បៀល គ្លីនតុន និងលោក ចន ដាប៊ែលយូ ប៊ូស, និងលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន ក៏មានវត្តមាននៅនឹងកន្លែង រួចជាស្រេចហើយដែរ។
ប្រធានចៅក្រមតុលាការកំពូលអាមេរិកលោក ចន រ៉ូប៊ឺត (John Roberts) នឹងធ្វើជាអ្នកដឹកនាំការស្បថជូនលោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ (៧៨ឆ្នាំ) ខណៈលោកស្រី កាម៉ាឡា ហារីស នឹងក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូង និងជាជនជាតិដើមអាស៊ីខាងត្បូង-ស្បែកខ្មៅដំបូងផងដែរ ដែលឡើងកាន់តំណែងជា អនុប្រធានាធិបតីអាមេរិក៕