(ស៊ីដនី)៖ រដ្ឋាភិបាលអូស្រ្តាលី បានអនុម័តហើយលើវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech សម្រាប់ការប្រើប្រាស់ ក្រោមនីតិវិធីធម្មតា ដែលនេះបានធ្វើឱ្យអូស្រ្តាលី កា្លយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលយល់ព្រមអនុម័តពេញលេញ គ្រប់ជ្រុងជ្រោយលើវ៉ាក់សាំងនេះ។ នេះបើតាមលោក Scott Morrison ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានឱ្យដឹងទៀតថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech នឹងអនុញ្ញាតឱ្យប្រើប្រាស់លើប្រជាជន អូស្ត្រាលី មានវ័យ១៦ឆ្នាំ ឡើងទៅ។ ចំណែកឯ ការចាក់វ៉ាក់សាំងលើក្រុមមនុស្សមានអាទិភាព ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅចុងខែកុម្ភៈខាងមុខនេះ ដោយអាជ្ញាធរ នឹងចាក់ឱ្យបាន ៨០,០០០ដូស ក្នុងមួយសប្ដាហ៍។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អូស្ត្រាលីមានអ្នកឆ្លង ២៨,៧៦៦នាក់ ក្នុងនោះស្លាប់ ៩០៩នាក់ និងជាសះស្បើយវិញ ២៥,៩៨៥នាក់៕