(ហាណូយ)៖ គណបក្សកម្មុយនិស្ដវៀតណាម បានបើកសមាជបក្សជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៦មក នៅថ្ងៃចន្ទនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី និងដាក់ចេញផែនការយុទ្ធសាស្ត្រ សម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
សមាជបក្សលើកទី១៣ខាងលើ គិតចាប់តាំងពីការបង្កើតគណបក្សកុម្មុយនិស្ដវៀតណាម កាលពីឆ្នាំ១៩៣០ នឹងប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ដោយមានប្រតិភូ ចូលរួម ចំនួន ១,៦០០នាក់ មកពីទូទាំងប្រទេស។
នៅក្នុងសមាជបក្សមានរយៈពេល៩ថ្ងៃ ហើយដែលកិច្ចប្រជុំភាគច្រើន ត្រូវធ្វើឡើងដោយបិទទ្វារ នឹងផ្ដល់ឱកាសឱ្យបក្សកុម្មុយនិស្ដវៀតណាម ជ្រើសរើសថ្នាក់ដឹកនាំថ្មី សម្រាប់ដឹកនាំគណបក្ស, ប្រមុខរដ្ឋ, រដ្ឋាភិបាល រួមទាំងសភាជាតិសម្រាប់រយៈពេល ៥ឆ្នាំ។ បន្ថែមពីលើនេះ ផែនការយុទ្ធសាស្ត្រសំខាន់ៗ ជាពិសេសគឺសេដ្ឋកិច្ចក៏នឹង ត្រូវបានប្រកាសដាក់ចេញ ផងដែរ។
ដូចសមាជរាល់ដងដែរ ការជ្រើសរើសមេដឹកនាំកំពូលទាំង 0៤, ការជ្រើសរើសអគ្គលេខាធិការបក្ស, ប្រធានាធិបតី, នាយករដ្ឋមន្ត្រី, និងប្រធានសភា គឺជាចំណុចស្នូល និង ជាការចង់ដឹង ឭរបស់ប្រជាជនវៀតណាមគ្រប់រូប។ លោក ង្វៀន ភូជុង ដែលកាន់តំណែងអគ្គលេខាធិការបក្ស និងប្រធានាធិបតី អាចនឹងប្រជែងកាន់តំណែងមួយ ក្នុងចំណោមតំណែងទាំងពីរ សម្រាប់មួយអាណត្តិទៀត។ ចំណែកលោកនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក ត្រូវបានរំពឹងថា អាចនឹងប្រជែងតំណែងអគ្គលេខាធិការបក្ស ឬបន្តតំណែងនាយករដ្ឋមន្ត្រីអាណត្តិទីពីរ។ ចំណែកលោកស្រីប្រធានសភា ង្វៀន ធីគីមងិន អាចនឹងចុះចេញពីតំណែង ដើម្បីទៅប្រកួតប្រជែងតំណែង អគ្គលេខាធិការបក្សផងដែរ។
ក្រៅពីបុគ្គលទាំង ០៣រូបខាងលើ ក៏មានផងដែររដ្ឋមន្ត្រី និងមន្ត្រីបក្ស ដែលប្រជែងយកតំណែងទាំងនេះ។ ជាក់ស្តែងលោក Tran Quoc Vuong ដែលជាប្រធានការិយាល័យ គណៈមជ្ឈិមត្រូវបានរំពឹងថា នឹងប្រជែងតំណែងអគ្គលេខាបក្ស។ ចំណែកលោក Vuong Dinh Hue អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រូវបានគេដឹងថា ប្រជែងនឹងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ ឯលោក តូ ឡាំ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ អាចនឹងប្រជែងជាមួយលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់តំណែងប្រធានាធិបតី។ ចំពោះតំណែងប្រធានសភាវិញគេរំពឹងថា លោកស្រី Truong Thi Mai ប្រធានគណៈចលនាមហាជន និងសមាជិកគណៈមជ្ឈិមអាចនឹងកាន់តំណែងនេះ៕