(ស៉ីដនី)៖ រដ្ឋាភិបាលអូស្រ្តាលី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់ ១ពាន់លានដុល្លារអូស្ត្រាលី (៧៧០លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍសមត្ថភាពអាវុធថ្មីរបស់កងទ័ពជើងទឹក រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលប្រដេញក្រោមទឹក (torpedoes) ផងដែរ ដែលជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវ វិស័យការពារជាតិទ្រង់ទ្រាយធំរបស់អូស្រ្តាលី ចំពេលភាពតានតឹងក្នុងតំបន់កំពុងតែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូស្រ្តាលីថា «អូស្រ្តាលីគ្រោងនឹងផ្តល់ឲ្យកងទ័ពជើងទឹករបស់ខ្លួននូវ មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនាវា និងមីស៊ីលបាញ់ពីនាវាទៅអាកាសដែលមានចម្ងាយជាង ៣៧០គីឡូម៉ែត្រ ព្រមទាំងមីស៊ីលប្រដេញក្រោមទឹកធុនស្រាលដ៏ទំនើប ព្រមទាំងមីស៊ីលបាញ់ចេញពីនាវាទៅកាន់ផ្ទៃដី ដែលអាចហោះបានចម្ងាយ ១,៥០០គីឡូម៉ែត្រផងដែរ ដើម្បីបង្កើននិងរក្សាសមត្ថភាពគ្រប់គ្រងដែនសមុទ្ររបស់ខ្លួន»។
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី លោកស្រី លីនដា រេណុល (Linda Reynolds) បានគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា «សមត្ថភាពថ្មីៗទាំងនេះ នឹងផ្តល់នូវកម្លាំងដ៏រឹងមាំ និងគួរឲ្យទុកចិត្តបំផុតដែលនឹងធានាបាននូវស្ថិរភាព និងសន្តិសុខក្នុងតំបន់»។
គួរបញ្ជាក់ថា ការចំណាយនេះ គឺជាផ្នែកមួយនៃការបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ទសវត្សរ៍ខាងមុខរបស់ប្រទេសអូស្រ្តាលី ដែលត្រូវបានប្រកាសនាពេល កន្លងទៅ ខណៈអូស្រ្តាលីកំពុងព្យាយាមជំរុញការយកចិត្តទុកដាក់កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពោះមុខការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងជាមួយប្រទេសចិន៕