(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣៥,១៨២នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៨៤៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៥,៧០២,១២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤២៩,៤៩០នាក់ និងជាសះស្បើយឡើងសរុប ១៥,៤០៩,៦៣៩លាននាក់។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា រួចហើយ។ ក្រោយការស្បថឡើង កាន់តំណែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO)។ លោក ចូ បៃដិន បានអះអាងថា រយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក គឺជាសង្គ្រាមដើម្បីប្រយុទ្ធនឹង COVID-19។
ប៉ុន្តែ ទន្ទឹមគ្នាលោកក៏បានព្រមាន ដែរថាចំនួនអ្នកស្លាប់ដោយសារ COVID-19 អាចនឹងកើនលើស ៦០០,០០០នាក់ និងបានជំរុញឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក ពន្លឿនការអនុម័តផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លារ របស់លោក ដើម្បីប្រយុទ្ធប្រឆាំង COVID-19 និងគាំទ្រដល់ប្រជាជនអាមេរិក៕