(វ៉ាស៊ីនតោន)៖ មុនពេលលោក ចូ បៃដិន (Joe Biden) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកតែបន្តិចប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ឲ្យដឹងថា លោក ដូណាល់ ត្រាំ បានពិភាក្សាអំពីគំនិតបង្កើតគណបក្សនយោបាយទីបី ដែលប្រការនេះអាចបណ្តាលមកពីលោកខកចិត្ត ចំពោះគណបក្សសាធារណរដ្ឋ ដែលមិនបានគាំទ្រការអះអាងរបស់លោក ស្តីពីការលួចបន្លំសន្លឹកឆ្នោត។ នេះបើតាមការដកស្រង់ដោយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News បានរាយការណ៍នៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមានគម្រោងបង្កើត គណបក្សនយោបាយផ្ទាល់ខ្លួននោះទេ។ ទីប្រឹក្សាជាន់ខ្ពស់ នៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០ របស់លោក ត្រាំ គឺលោក ចេសុន មីល្លឺ (Jason Miller) បានគូសបញ្ជាក់ថា «លោក ត្រាំ បានបង្ហាញយ៉ាងច្បាស់នូវគោលដៅរបស់លោក គឺចង់យកឈ្នះក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាវិញសម្រាប់គណបក្សសាធារណរដ្ឋរបស់លោក នៅឆ្នាំ២០២២ខាងមុខនេះ»។ លោក Jason Miller បានសង្កត់ធ្ងន់ថា «មិនមានយ៉ាងសកម្មណាផ្សេងទៀត ក្រៅពីកិច្ចខិតខំប្រឹងប្រែងដូចខាងលើនេះទេ ប៉ុន្តែវាអាស្រ័យលើសមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋដែរ ប្រសិនបើនេះជាអ្វីដែលពិតប្រាកដមែន»។
គួរបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារសប្ដាហ៍មុននេះថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយទៅកាន់ជំនួយការ និងមនុស្សមួយចំនួនដែលស្និទ្ធស្នាលជាមួយលោក អំពីការចាប់ផ្តើមបង្កើតបក្សនយោបាយផ្ទាល់ខ្លួន ដែលមានបំណងហៅវាថាជា «គណបក្សអ្នកស្នេហាជាតិ (Patriot Party)»។ ទោះយ៉ាងជាណាព័ត៌មាននេះ មិនដែលត្រូវបានទទួលស្គាល់ជាផ្លូវការឡើយ៕