(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទនេះនឹងប្រកាសអំពី ការបង្កើតក្រុមចម្រុះអន្តរជាតិថ្មីមួយ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ព្រមទាំងការដាក់ចេញនូវរបៀបវារៈ មុននឹងសន្និសីទអង្គការសហប្រជាជាតិ (UN) ស្ដីពីអាកាសធាតុហៅកាត់ថា COP26 ប្រព្រឹត្តទៅក្នុងទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតឡែន នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយការិយាល័យរបស់លោក លោក ចនសុន បានលើកឡើងដូច្នេះថា «ដើម្បីឱ្យប្រាកដថាយើងមិនមែននិយាយបានតែមាត់ ហើយវាមានភាពប្រាកដកប្រជា ខ្ញុំនឹងប្រកាសពីការបង្កើតក្រុមចចម្រុះអន្តរជាតិថ្មីមួយ នោះគឺក្រុមចម្រុះសម្របសម្រួលសកម្មភាព (Adaptation Action Coalition) ដើម្បីដាក់ចេញរបៀបវារៈនានា ឱ្យបានមុនសន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុ (COP26) ចូលមកដល់»។
គួរបញ្ជាក់ថា ក្រុមចម្រុះសម្របសម្រួលសកម្មភាព គឺជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយចក្រភពអង់គ្លេស សហការជាមួយប្រទេសមួយចំនួនដូចជា អេហ្ស៊ីប, បង់ក្លាដែស, ម៉ាឡាវី, ហូឡង់, សាំងលូសៀ (Saint Lucia) និងអង្គការសហប្រជាជាតិ។ ក្រុមចម្រុះមួយនេះមានគោលដៅចម្បង ក្នុងការស្ដារឡើងវិញនូវការប្ដេជ្ញាចិត្តរបស់អន្តរជាតិ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គាំទ្រដោយអង្គការសហប្រជាជាតិ៕