(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៣,៩៦៥ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនដល់ ៣៧៧,០០៧នាក់ ខណៈដែលរដ្ឋាភិបាលពិចារណា ជុំវិញការអូសបន្លាយពេលនៃភាពអាសន្ន ដែលគ្របដណ្តប់លើខេត្តចំនួន១១ រួមមានទាំងទីក្រុងតូក្យូផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលជប៉ុន បាននិយាយថា អ្នកជំងឺ ៧២នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺ COVID-19 ដែលចំនួនអ្នកស្លាប់ចុងក្រោយបង្អស់នៅទូទាំងប្រទេស មានដល់ ៥,៣៨៣នាក់។

នៅចំពោះស្ថានការណ៍បែបនេះ សមាជិកសភាជប៉ុនកាន់តែច្រើនឡើង កំពុងតស៊ូមតិ ដើម្បីពន្យាពេលនៃភាពអាសន្ននាពេលបច្ចុប្បន្ន ថ្បិតថាចំនួនអ្នកឆ្លងមានការថយចុះនាពេលថ្មីៗនេះ ប៉ុន្តែមិនទាន់មានការថយចុះគួរឱ្យកត់សម្គាល់នៅឡើយទេ ជាពិសេសនៅក្នុងរដ្ឋធានី និងតំបន់ផ្សេងទៀតដែលគ្របដណ្តប់ ដោយវិធានអាសន្ន៕