(យ៉ាងហ្គន)៖ រដ្ឋប្រហារមួយ ត្រូវបានគេរាយការណ៍ថា កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ខណៈលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត នៃរដ្ឋាបាលរបស់លោកស្រី ត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះ ហើយបណ្ដាញទំនាក់ទំនងនានា នៅក្នុងរដ្ឋធានី ណៃពិដោរ និងទីក្រុងធំៗ ត្រូវបានកាត់ផ្ដាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD ទីប្រឹក្សារដ្ឋ លោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្ស NLD ត្រូវបានយោធាចាប់ និងឃុំខ្លួន ស្របពេលយោធាកំពុងគ្រប់គ្រងស្ថានការណ៍ និងត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុង យ៉ាងហ្គន។ ចំណែកឯ បណ្ដាញទូរស័ព្ទ, អ៉ិនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានា នៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗត្រូវបានកាត់ផ្ដាច់ផងដែរ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មីយ៉ាន់ម៉ា អះអាងថា វាបណ្ដាលមកពីបញ្ហាបច្ចេកទេស។
គួរបញ្ជាក់ថា ការចាប់ខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី កើតមានឡើងចំពេលសភាជាតិមីយ៉ាន់ម៉ា ត្រូវបើកសម័យប្រជុំដំបូង នៅព្រឹកថ្ងៃចន្ទ នេះ ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថាគណបក្សលោកស្រីស៊ូជី ជាអ្នកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ គណៈកម្មាការជាតិ រៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បាននិយាយថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានជំរុញឱ្យ យោធាទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ។ ប៉ុន្តែ យោធាមីយ៉ាន់ម៉ា បានចោទថាការបោះឆ្នោតនេះត្រូវបានលួចបន្លំ ជាមួយការព្រមានថានឹងចាត់វិធានការឆ្លើយតប៕