(ប៉េកាំង)៖ ប្រធានផ្នែកស៊ើបអង្កេតនៅទីក្រុងវូហាន បានប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក(WHO) បានពិភាក្សាដោយស្មោះត្រង់ជាមួយអ្នកវិទ្យាសាស្ត្រចិន អំពីប្រភពនៃការរាតត្បាតជំងឺ COVID-19 រួមទាំងទ្រឹស្តីដែលបានលេចចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហានផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកម្ភៈ ឆ្នាំ២០២១។
លោក Peter Ben Mubarak ដែលជាប្រធានអង្គការសុខភាពពិភពលោកប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់ដោយមិនបានលម្អិតច្បាស់ថា ក្រុមការងារបានពិភាក្សាជាក្រុមអ្នកវិទ្យាសាស្ត្រចិនត្រង់ទៅត្រង់ទៅមក និងបានគ្របដណ្តប់លើទ្រឹស្តីសំខាន់ៗ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោកផងដែឬ។
ការលើកឡើងបែបនេះ ធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីរូបលោក ព្រមទាំងក្រុមការងាររបស់អង្គារសុខភាពពិភពលោក បានទៅទស្សនៈកិច្ចនៅមន្ទីរពិសោធន៍។
គួរបញ្ជាក់ថា ចាប់តាំងពីបានចាកចេញពីការធ្វើចត្តាឡីស័ក នៅសណ្ឋាគារចំនួន ១៤ថ្ងៃកាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានចុះទៅដល់ទីតាំងមួយចំនួន ដែលមានទាក់ទងនឹងប្រភពដើម នៃជំងឺ COVID-19 រួមទាំងផ្សារគ្រឿងសមុទ្រមួយកន្លែង ដែលត្រូវបានរកឃើញករណីមុនគេបង្អស់ផងដែរ។
ចំណែកឯ ដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានវូហានសម្រាប់ការស្រាវជ្រាវវីរុស កាលពីថ្ងៃពុធម្សិលមិញ គឺជាព្រឹត្តិការណ៍ដ៏ខ្ពស់បំផុតមួយនៅក្នុងរបៀបវារៈ ដោយសារតែទ្រឹស្តីដ៏ចម្រូងចម្រាស ដែលថាជំងឺ COVID-19 មានប្រភពមកពីទីនោះ៕