(បាងកក)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លង COVID-19 សរុប ៧១នាក់ទៀត ដោយក្នុងនោះ ៤៨នាក់ជាករណីឆ្លងសហគមន៍ និង ២៣នាក់ទៀតជាអ្នកករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ខេត្តសាមុតសាខន នៅតែជាតំបន់រងគ្រោះដោយ COVID-19 ធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេសថៃដដែល ដោយបានរ៉ាប់រងករណីឆ្លងថ្មីៗខាងលើនេះ រហូតដល់ទៅ ៣១នាក់ ខណៈខេត្ត ប្រាឈិន បុរី (Prachin Buri), ខេត្តតាក (Tak), ខេត្តផាធំ ថានី ( Pathum Thani) និងទីក្រុងបាងកក សុទ្ធតែបានរកឃើញ ករណីឆ្លងថ្មីៗដូចគ្នា ប៉ុន្តែស្ថិតក្នុងចំនួនតិចតួចប៉ុណ្ណោះ គឺចាប់ពី ១ករណីដល់ ៣ករណី។
គួរបញ្ជាក់ថា ប្រទេសថៃបានចាប់ផ្តើមផ្ទុះករណីឆ្លង COVID-19 ទ្រង់ទ្រាយធំ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ហើយរយៈពេលជាង ២ខែមកនេះ ទើបស្ថានការណ៍ហាក់បានធូរស្រាលបន្តិចវិញ។ គិតត្រឹមថ្ងៃចន្ទនេះ ថៃមានករណីឆ្លង COVID-19 សរុប ២៦,៤៤១ករណី ក្នុងនោះមានអ្នកស្លាប់ ៨៥នាក់ និងជាសះស្បើយវិញ ២៥,៧៧៧នាក់៕