(រ៉ង់ហ្គូន)៖ កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ យោធាមីយ៉ាន់ម៉ាបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច និងបានចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី។ អន្តរជាតិបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការធ្វើរដ្ឋប្រហារ» ហើយលោកស្រី ស៊ូជីក៏បានអំពាវនាវ ឱ្យប្រជាជនក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនេះផងដែរ។
តបតាមការអំពាវនាវនេះ ប្រជាជនមីយ៉ាន់ម៉ាបាននាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសរហូតមកទល់សព្វថ្ងៃ ដើម្បីទាមទារឱ្យយោធាចុះចេញពីអំណាច និងដោះលែងអ្នក ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។ បើតាមអង្គការសហប្រជាជាតិ មនុស្សច្រើនជាង៥០នាក់ហើយបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាជាមួយក្រុមបាតុករ ខណៈមកទល់ពេលនេះស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅតែស្ថិតនៅក្នុងភាពចលាចលដោយយោធារឹតតែបង្កើនការដាក់សម្ពាធ និងបង្រ្កាប រីឯក្រុមបាតុករក៏មិនព្រមចុះញ៉មដែរ។ តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគខ្លះយល់ថាមានមធ្យោបាយចំនួន៣ ដែលអាចចូលរួមចំណែកដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ាដោយសន្តិវិធីបាន៖
*កិច្ចសន្ទនា
ការលើកកម្ពស់កិច្ចសន្ទនាប្រហែលជាមានប្រសិទ្ធភាពជាងការដាក់ទណ្ឌកម្ម។ ក្រោយផ្ទុះរដ្ឋប្រហារ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មភា្លមៗលើរបបសឹកមីយ៉ាន់ម៉ា ហើយសហភាពអឺរ៉ុបក៏យល់ព្រមចូលរួមក្នុងការដាក់ទណ្ឌកម្មនេះដែរ។ ប៉ុន្តែមិនថាបណ្ដាប្រទេសលោកខាងលិចទាំងនេះដាក់ទណ្ឌកម្មខ្លាំងប៉ុណ្ណានោះទេ ក៏វាទំនងជានឹងមិន អាចកែប្រែចិត្តយោធា ឬដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបានឡើយ ពីព្រោះនៅចុងបញ្ចប់ អ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺនៅតែជាប្រជាជនស៊ីវិល។
នៅក្នុងអត្ថបទមានចំណងជើងថា «គិតគូឡើងវិញលើការដាក់ទណ្ឌកម្ម ឬ Rethinking sanctions» ចេញផ្សាយកាលពីឆ្នាំ២០១៦ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan) និងអតីតអ្នកការទូតសិង្ហបុរី លោក គីស័រ ម៉ាសប៊ូបានី (Kishore Mahbubani) បានលើកឡើងថាការដាក់ទណ្ឌកម្មមើលទៅហាក់ដូចជា មធ្យោបាយល្អ តែការសិក្សាជាច្រើនបង្ហាញថាភាពជោគជ័យ ឬប្រសិទ្ធភាពរបស់វានៅមានកម្រិត។ ដូច្នេះហើយទើប អ្នកការទូតសិង្ហបុរីជើងចាស់ លោក ថមមី កូស (Tommy Koh) កាលពីពេលថ្មីៗនេះបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកុំដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ដ្បិតប្រវត្តិសាស្ត្រជាច្រើនបានប្រាប់យើងរួចមកហើយថា ការដាក់ទណ្ឌកម្ម វាតែងតែងធ្វើឱ្យប្រជាជនស៊ីវិលរងការឈឺចាប់ មិនមែនមេដឹកនាំរបស់ពួកគេនោះទេ»។
លោក ថមមី កូស ក៏បានសង្កត់ធ្ងន់ដែរថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន អាចដើរតួនាទីជាអាជ្ញាកណ្ដាលនាំយោធាមីយ៉ាន់ម៉ា និងគណបក្សសម្ព័ន្ធជាតិដើម្បី ប្រជាធិតេយ្យរបស់លោកស្រី អោង សាន ស៊ូជី ត្រឡប់មករកតុចរចាឡើងវិញ ហើយជួយពួកគេឱ្យសម្រេចបាននូវការឯកភាពគ្នាមួយលើការចែករំលែកអំណាច។
*តួនាទីរបស់អាស៊ាន
អាស៊ានគួរតែដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា។ អាស៊ានមានគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកដទៃ និងគោលការណ៍ មូលមតិគ្នា ឬកុងសង់ស៊ីស។ តែនេះមិនមែនមានន័យថាអាស៊ានត្រូវឈរអោបដៃមើលវិបត្តិ ដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ានោះទេ។ ក្រុមអ្នកជំនាញយល់ថាខណៈអាស៊ានអាចធ្វើការ លើគោលការណ៍កុងសង់ស៊ីស អាស៊ានក៏អាចសហការគ្នាលើគោលការណ៍ដាក់សម្ពាធជាក្រុមក្នុងនាមជាមិត្ត ដើម្បីបញ្ចុះបញ្ចួលយោធាមីយ៉ាន់ម៉ា ដូចដែលពួកគេធ្លាប់បានធ្វើ កាលពីឆ្នាំ២០០៥។
ក្រៅពីគោលការណ៍ទាំងនេះ អាស៊ាននៅប្រកាន់យកគោលការណ៍ជាច្រើនទៀតក្នុងនោះរួមមានប្រជាធិបតេយ្យ, នីតិរដ្ឋ, អភិបាលកិច្ចល្អ និងគោរពសិទ្ធិមនុស្សជាដើម។ តាមការពិតទៅ អាស៊ានតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ កាលពីឆ្នាំ២០០៥ អាស៊ានបានទទួលជោគជ័យក្នុងការដាក់សម្ពាធ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបោះបង់ចោលតំណែងជាប្រធានអាស៊ានកាលពីឆ្នាំ២០០៦ ដើម្បីផ្ដោតជាសំខាន់ទៅលើការពន្លឿនការផ្សះផ្សាជាតិ និងប្រជាធិបតេយ្យរបស់ មីយ៉ាន់ម៉ា។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នាតាមរយៈវីដេអូខុនហ្វេរិន ពិភាក្សាគ្នាពីវិបត្តិនៅមីយ៉ាន់ម៉ា។ នៅក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំ នេះ អាស៊ានបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ារក្សាការអត់ធ្មត់ និងមានភាពបត់បែនទៅតាមកាលៈទេសៈដោយមិនត្រូវប្រកាន់ជំហរដាច់ខាតទេ។ មិនតែប៉ុណ្ណោះអាស៊ានក៏បានសន្យាដែរថាពួកគេបានត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ក្នុងលក្ខណៈវិជ្ជមាន សនិ្តវិធី និងប្រកបដោយលក្ខណៈស្ថាបនា។
*តួនាទីរបស់ចិន
ប្រទេសចិនអាចដើរតួនាទីពិសេសប្រកបដោយលក្ខណៈស្ថាបនា ពីព្រោះដូចដែលយើងបានដឹងនោះគឺ ចិន និងមីយ៉ាន់ម៉ាមានទំនាក់ទំនងមិត្តភាពពិសេសនឹងគ្នា។ នៅក្នុង បទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ អគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ឈិន ហៃ (Chen Hai) បានអះអាងថាចិនមិនបានដឹងជាមុនឡើយចំពោះការប្រែប្រួល ស្ថានការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកបានបដិសេធជាដាច់ខាតជុំវិញការផ្សព្វផ្សាយព័ត៌មានថាចិនដឹកជំនួយតាមយន្ដហោះជាច្រើនគ្រឿង ឱ្យយោធាមីយ៉ាន់ម៉ា។
លោក ឈិន ហៃ បានបញ្ជាក់ថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោង សាន ស៊ូជី និងយោធាមីយ៉ាន់ម៉ាសុទ្ធតែជាមិត្តរបស់ចិន។ បច្ចុប្បន្ន យោធាមីយ៉ាន់ម៉ាកំពុងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។ ដូច្នេះគោលជំហររបស់ចិននឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់យោធា មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីធ្លាប់បានកត់សម្គាល់ថាចិនគំាទ្រគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាស៊ាន ហើយថាចិននឹងដើរតួនាទីយ៉ាង សកម្មលើមាគ៌ាអាស៊ាន សំដៅចូលរួមចំណែកប្រឹក្សាយោបល់ និងទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អាស៊ានជាអង្គការដ៏សំខាន់មួយក្នុងតំបន់ដែលមីយ៉ាន់ម៉ាផ្ទាល់ជាសមាជិក រីឯចិនគឺជាមិត្តជិតខាងរបស់មីយ៉ាន់ម៉ា។ បើអាស៊ាន និងចិនអាចធ្វើការរួមគ្នាជាមួយមីយ៉ាន់ម៉ា យ៉ាងពិតប្រាកដ ហើយមានបំណងរួមដោះស្រាយវិបត្តិបច្ចុប្បន្ន នោះវាអាចទៅរួចថាស្ថានការណ៍ក្ដៅមីយ៉ាន់ម៉ា អាចនឹងចុះត្រជាក់ដោយសន្តិវិធីក្នុងពេលឆាប់ៗ បើទោះជា ដំណោះស្រាយរយៈពេលវែងគឺស្ថិតនៅលើមីយ៉ាន់ម៉ាខ្លួនឯងក៏ដោយ៕
ប្រភព៖ Asiatimes (ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១)