(ណៃពិដោ)៖ សាក្សីមួយចំនួនបានឲ្យដឹងថា នៅថ្ងៃចន្ទនេះបាតុករ ០២នាក់ទៀតហើយបានបាត់បង់ជីវិត កំឡុងការធ្វើបាតុកម្មប្រឆាំងរបបយោធា ដែលកំពុងបន្តប្រព្រឹត្តទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។
រីឯហាងលក់ទំនិញ រោងចក្រ និងធានាគារក៏ត្រូវបានបិទទ្វារថែមទៀតផង នៅក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីជាផ្នែកមួយនៃការតវ៉ា។ សម្រាប់បាតុករ ០២នាក់ខាងលើដែលបានស្លាប់ គឺដោយសារតែពួកគេរងគ្រាប់កាំភ្លើងត្រូវចំក្បាល ពេលកំពុងចូលរួមធ្វើការបាតុកម្មនៅទីក្រុង ម្យីតគ្យីណា (Myitkyina) ដែលស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយមានការបង្រ្កាបពីសំណាក់កងកម្លាំងប៉ូលិស និងកម្លាំងយោធា។ ក្រៅពីនេះក៏មានមនុស្សមួយចំនួនទៀតរងរបួសដែរ។
គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបង្ក្រាប និងបង្កឲ្យមនុស្សស្លាប់ជាង ៥០នាក់ គិតចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិហៅថា ជារដ្ឋប្រហារយោធានោះ។ បើតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្សវិញ មនុស្សជិត ១,៨០០នាក់ហើយ ត្រូវបានចាប់ខ្លួនអាជ្ញាធរយោធាមីយ៉ាន់ម៉ា។
ឆ្លើយតបការធ្វើឲ្យបាត់បង់ជីវិតបាតុករជាច្រើននាក់បែបនេះ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន បានដាក់ទណ្ឌកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈកាលពីថ្ងៃអាទិត្យ ទី០៧ ខែមីនា អូស្រ្តាលីទើបតែបានប្រកាសកាត់ផ្តាច់ ទំនាក់ទំនងលើវិស័យយោធាជាមួយមីយ៉ាន់ម៉ា និងបង្វែរជំនួយទៅកាន់ អង្គការក្រៅរដ្ឋាភិបាលផងដែរ៕