(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន១៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២,៥៥០ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

បើតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មាន១៣នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈដែល០៤នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន២,៥៥០ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ២,០៨៦នាក់។ រលកចុងក្រោយនៃការឆ្លងរីករាលដាលជំងឺ COVID-19 បានវាយប្រហារប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមករា ដោយមានករណីឆ្លងក្នុងសហគមន៍ ចំនួន៨៩៩ករណី ដែលត្រូវបានរាយការណ៍ចេញពីខេត្តក្រុងចំនួន១៣៕