(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរបស់លោកគ្រោងនឹងទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៥០លានបន្ថែមទៀតពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
ស្រង់សម្តីដោយទីភ្នាក់សារព័ត៌មានរដ្ឋ Anadolu លោក Recep Tayyip Erdogan បានមានប្រសាសន៍ថា «ការដឹកជញ្ជូនលើកទី២ អាចមកពីប្រទេសចិន។ ប្រសិនបើយើងយល់ព្រមលើរឿងនេះ យើងអាចនឹងទិញវ៉ាក់សាំងចំនួន ៥០លានដូសបន្ថែមទៀតពីប្រទេសចិន»។
តួកគីបានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac Biotech កាលពីពាក់កណ្តាលខែមករាកន្លងទៅ។
យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលតួកគីបានឲ្យដឹងថា រហូតមកដល់ពេលនេះ វ៉ាក់សាំងជាង ១០.៨ លានដូសត្រូវបានផ្តល់ជូនរួចរាល់ ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំង៕