(វ៉ាស៊ីនតោន)៖ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកសរុប ១០១,១២៨,០០៥នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna, Pfizer-BioNTech និង Johnson & Johnson។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានប្តេជ្ញាថា លោកនឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនអាមេរិក ១០០លាននាក់ នាអំឡុងពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក គិតចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែចំនួននេះ ត្រូវបានបង្កើតទៅដល់ ១៥០លាននាក់ នៅពេលដែលលោកមើលឃើញថា វ៉ាក់សាំងមានចំនួនគ្រប់គ្រាន់ ដើម្បីបំពេញតាមការប្តេជ្ញាថ្មីនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគ្រោងចាក់វ៉ាក់សាំង ដល់មនុស្សពេញវ័យទាំងអស់ ចំនួន ២៥៨លាននាក់នៅទូទាំងប្រទេស នៅត្រឹមចុងខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមប្រជាជនអាមេរិកជាង ១០១លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ ៦៥.៩លាននាក់បានទទួលការចាក់ដូសដំបូង និង ៣៥លាននាក់ទៀត បានទទួលការចាក់គ្រប់ដូស (៣៥លាននាក់ គឺស្មើនឹង ១០.៥% នៃចំនួនប្រជាជនសរុបរបស់អាមេរិកទាំងអស់ ៣៣១លាននាក់)៕