(វ៉ាស៉ីនតោន)៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា ពលរដ្ឋមីយ៉ាន់ម៉ាទាំងឡាយ ដែលកំពុងជាប់គាំងនៅក្នុងទឹកដីអាមេរិក ដោយសារតែការផ្ទុះអំពើហិង្សា ប្រឆាំងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិក ជាបណ្ដោះអាសន្នស្ថិតនៅក្រោមច្បាប់ «ការពារជាបណ្តោះអាសន្ន» ទៅតាមស្ថានភាពជាក់ស្តែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក អាឡិចចាន់ដ្រូ មែយើកាស់ (Alejandro Mayorkas) បានគូសបញ្ជាក់ថា «ដោយសារតែរដ្ឋប្រហារយោធា និងអំពើហិង្សាយ៉ាងឃោឃៅ របស់កងកម្លាំងសន្តិសុខទៅលើជនស៊ីវិល ប្រជាជនភូមា (មីយ៉ាន់ម៉ា) ទាំងឡាយដែលកំពុងទទួលរងនូវវិបត្តិមនុស្សធម៌ដ៏ស្មុគស្មាញ និងកាន់តែជួបភាពលំបាក នៅក្នុងតំបន់ជាច្រើននៃប្រទេសមីយ៉ាន់ម៉ា»។
លោក Alejandro Mayorkas បានគូសបញ្ជាក់បន្ថែមទៀតថា «បន្ទាប់ពីការពិនិត្យមើលយ៉ាងហ្មត់ចត់ អំពីស្ថានភាពដ៏អាក្រក់នេះ ខ្ញុំបានកំណត់ប្រទេសភូមាចូលទៅក្នុង ស្ថានភាពត្រូវការពារបណ្តោះអាសន្ន (temporary protected status ឬ TPS) ដើម្បីអនុញ្ញាតឱ្យជនជាតិភូមា អាចបន្តស្នាក់នៅបណ្តោះអាសន្នបាន នៅក្នុងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ការការពារ TPS ដល់ជនជាតិនៃប្រទេសមួយចំនួន ដែលរងការវាយប្រហារដោយភាពចលាចលនយោបាយ ឬគ្រោះមហន្តរាយធម្មជាតិ ដែលធ្វើឱ្យពួកគេមានការលំបាក ក្នុងការវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ការការពារនេះ ជាធម្មតាត្រូវបានកំណត់ក្នុងរយៈពេលដូចជា ១២ខែ ប៉ុន្តែអាចត្រូវពន្យារពេលទៅមុខទៀតបាន ប្រសិនបើការលំបាក ឬការគំរាមកំហែងនៅតែបន្តកើតមានឡើង៕