(សៅប៉ូឡូ)៖ ប្រេស៉ីលទើបតែបានប្រកាសឲ្យដឹងថា វីរុស COVID-19 ដែលអាចជាវីរុសបំប្លែងថ្មីមួយទៀត ត្រូវបានរកឃើញនៅតាមតំបន់មួយចំនួន នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

ការសិក្សាមួយដែលបានប្រព្រឹត្តទៅ នៅក្នុងរដ្ឋចំនួន ០៥របស់ប្រេស៉ីល បានឈានទៅដល់ការរកឃើញវីរុស COVID-19 ដែលអាចជាទម្រង់បំប្លែងថ្មីមួយទៀត មានប្រភពមកពីទម្រង់វីរុស COVID-19 បំប្លែងថ្មី B.1.1.33 ដែលបានរីករាលដាល នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះស្រាប់ទៅហើយ។

គួរបញ្ជាក់ថា ការលេចឡើងនៃវីរុស COVID-19 ក្នុងទម្រង់បំប្លែងថ្មីៗ ជាបញ្ហាគួរឲ្យបារម្ភមួយ ជាពិសេសប្រសិនបើពួកវាមានភាពកាចសាហាវ ឬឆ្លងរាលដាលឆាប់រហ័សជាងធម្មតា។ មកទល់ពេលនេះ ប្រេស៉ីលបានរកឃើញករណីឆ្លងសរុបនៃ COVID-19 ចំនួនជាង ១១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧ម៉ឺននាក់៕