(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមមន្រ្តីប៉ូលិសអូស្រ្តាលី នៅថ្ងៃសៅរ៍នេះបានបញ្ជាឱ្យមនុស្សជាច្រើនដែលរស់នៅតំបន់ទំនាបតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលី ជម្លៀសខ្លួនចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ដែលអាច «គំរាមកំហែងដល់អាយុជីវិត» នៅទូទាំងតំបន់។  

 

២៖ សហរដ្ឋអាមេរិក និងចិនបានទាស់សម្ដីគ្នាជុំវិញការប្រយុទ្ធប្រឆំាំងការរើសអើងពូជសាសន៍ កំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនាឱកាសទិវាអន្តរជាតិ លុបបំបាត់ការរើសអើងពូជសាសន៍រៀបចំឡើង នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ 

 

៣៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ រហូតដល់ទៅ ៧.២រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រជាប់កោះ ហុនស៊ូ (Honshu) ភាគខាងកើតប្រទេសជប៉ុន កាលពីវេលាម៉ោង ៦៖០៩នាទីល្ងាចថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងតូក្យូ) ខណៈរំញ័ររបស់វា ក៏បានរាលដាលទៅដល់ទីក្រុងតូក្យូផងដែរ។ 

 

៤៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយីតឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះ ការអំពាវនាវរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ឲ្យរៀបចំកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់មួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ 

 

៥៖ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកសញ្ញាល្បីៗនៅទូទាំងពិភពលោក រួមគ្នាថ្កោលទោសរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ខណៈមនុស្សច្រើនជាង ១៨០នាក់ហើយបានស្លាប់ នៅក្នុងការបង្រ្កាបពីសំណាក់កម្លាំងសន្តិសុខ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ 

 

៦៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យពិភពលោក បន្តការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ខណៈនិយ័តករឱសថអឺរ៉ុប និងអង់គ្លេសក៏ទើបប្រកាសគាំទ្រជាថ្មី ចំពោះវ៉ាក់សាំងនេះដូចគ្នា៕