(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,៦៥៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងស្លាប់ថ្មី១០៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់ ១,៤៥៥,៧៨៨នាក់ ក្នុងនោះអ្នកស្លាប់កើនដល់ ៣៩,៤៤៧នាក់។ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកជំងឺ ៥,៧៦០នាក់ ក៏បានជាសះស្បើយឡើងវិញផងដែរ នាំឱ្យអ្នកជាសះស្បើយសរុបកើនដល់ ១,២៨៤,៧២៥នាក់។
គួរបញ្ជាក់ថា COVID-19 បាននិងកំពុងឆ្លងរាតត្បាតទូទាំងខេត្តចំនួន៣៤នៃប្រទេសឥណ្ឌូណេស៊ី ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងបង្កើន ល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេស ដោយសង្ឃឹមថាអាចនឹងគ្រប់គ្រងជំងឺដ៏កាចសាហាវមួយនេះក្នុងពេល ឆាប់ៗ៕